ក្លិន​សាកសពមនុស្ស​ដែល​បាន​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា បានសាយភាយពេញ​ទីក្រុង​ Mandalay ក្រោយ​គ្រោះ​ធម្មជាតិ​នេះ​​បាន​​សម្លាប់​មនុស្ស​ប្រមាណ​ ១៧០០ នាក់ និងច្រើនរយនាក់ផ្សេងទៀតកប់ក្នុងគំនរបែកបាក់ ខណៈ​កិច្ច​ប្រឹងប្រែង​សង្គ្រោះ​និង​រុក​រក​កំពុង​បន្ត។

ក្លិន​នៃ​សាកសព​រលួយ​បាន​សាយភាយ​តាម​ដងផ្លូវ​នៃ​ទីក្រុង​ធំ​ទី​ពីរ​របស់​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃអាទិត្យ ខណៈ​មនុស្សជាច្រើនបានកំពុង​ធ្វើការ​​ដោយដៃយ៉ាង​មមាញឹក​ដើម្បី​សម្អាត​គំនរ​បាក់បែក​ដោយ​ក្តីសង្ឃឹម​ថា​នឹង​រក​ឃើញ​មនុស្ស​នៅ​មាន​ជីវិត។

ការរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័របានវាយប្រហារប្រទេស​មី​យ៉ាន់​ម៉ា កាលពីថ្ងៃសុក្រ ជាមួយនឹងចំណុចកណ្តាលនៅជិតទីក្រុង Mandalay ដោយបានធ្វើឱ្យអគារជាច្រើនដួលរលំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតជាច្រើន។


កិច្ចខិតខំប្រឹងប្រែងសង្គ្រោះត្រូវបានរារាំងដោយបញ្ហាជាច្រើន ដូចជា ផ្លូវថ្នល់មានការខូចខាត ស្ពានបែកបាក់ ប៉ះពាល់​ដល់​សេវា​ទំនាក់ទំនង និងបញ្ហាប្រឈមនៃវិបត្តិចំពេលមានសង្រ្គាមស៊ីវិល។

ការស្វែងរកអ្នកនៅរស់រានមានជីវិតត្រូវបានធ្វើឡើងជាចម្បងដោយអ្នកស្រុកដោយគ្មានជំនួយពីឧបករណ៍ធុនធ្ងន់ ដោយការរំកិលកម្ទេចថ្មដោយដៃ ជាមួយប៉ែល ហើយគេឃើញមានអេស្កាវ៉ាទ័រតិចតួចបំផុតក្នុងការជួយកាយ។


នៅរសៀលថ្ងៃអាទិត្យ ការរញ្ជួយដីកម្រិត ៥,១ បានកើតឡើងម្តងទៀត​ដែលធ្វើឲ្យ​មនុស្សម្នា​មានការផ្អើលឆោឡោ បន្ទាប់ពីស្ងប់ស្ងាត់ ប៉ុន្តែ​សកម្មភាពជួយជនរងគ្រោះពីគំនរបាក់បែកនៅតែបន្ត។

ប្រជាជន ១,៥លាននាក់នៅក្នុងទីក្រុង Mandalay បានដេកនៅលើដងផ្លូវ ទាំងគ្មានផ្ទះសម្បែង ជាមួយនឹងការព្រួយបារម្ភថា ការរញ្ជួយដីអាចនឹងកើតឡើងបន្តបន្ទាប់ទៀត ដែលធ្វើឲ្យ​ប៉ះពាល់សំណង់ដែលនៅសេស​សល់ពី​ការដួលរលំ។

មកទល់នឹងពេលនេះ មនុស្សប្រមាន​ ១៧០០នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និង ជាង ៣៤០០នាក់​បានរងរបួស ក្នុងនោះដែរ តំបន់ជាច្រើនមិនទាន់បានទទួលរបាយការណ៍​នៅឡើយទេដោយសារតែមិនទាន់អាចធ្វើដំណើរទៅដល់ ហើយការខិតខំប្រឹងប្រែងជួយសង្គ្រោះ ត្រូវបានធ្វើឡើងដោយមនុស្សដែលធ្វើការដោយដៃដើម្បីព្យាយាមកាយសម្អាតកម្ទេចកម្ទី។

ភាគច្រើនអ្នកជួយសង្រ្គោះគឺជាអ្នកស្ម័គ្រចិត្តក្នុងស្រុក ដែលព្យាយាមស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេដែលកប់ក្នុងគំនរបាក់បែក។

ប្រទេស​មួយ​ចំនួន​បាន​បញ្ជូន​កម្លាំង​ទៅ​ជួយ​សង្គ្រោះ​ និង​រុក​រក។ កម្ពុជា​ក៏​បាន​បញ្ជូន​កម្លាំង​ចំនួន ២​នាក់ និង​ប្រកាស​ផ្ដល់​ជំនួយ​ដំណាក់​កាល​ដំបូង​ក្នុង​ទឹក​ប្រាក់ ១០​ម៉ឺន​ដុល្លារ៕