ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ បាននិយាយថា លោក «ខឹងខ្លាំងណាស់» និង «រង្កៀស​​ចិត្ត» ជាមួយ​ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់​ពី​​​ការចរចា​បទឈប់​បាញ់​នៅអ៊ុយក្រែន​​គ្មាន​លទ្ធផល។

នៅក្នុងបទសម្ភាសន៍ជាមួយ NBC News ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា លោកខឹងនឹងលោក ពូទីន ចំពោះការវាយប្រហារលើភាពជឿជាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្កី ហើយបានគំរាមដាក់ពន្ធគយ ៥០​ភាគរយ​ លើទំនិញ​នាំ​ចូល​ទៅ​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​ដែលទិញប្រេង​ពី​រុស្ស៊ី ប្រសិនបើលោកមិនយល់ព្រមឈប់បាញ់។

លោកបាននិយាយថា៖ «ប្រសិនបើរុស្ស៊ី និងខ្ញុំមិនអាចធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបង្ហូរឈាមនៅអ៊ុយក្រែនបានទេ ហើយប្រសិនបើខ្ញុំគិតថាវាជាកំហុសរបស់រុស្ស៊ី - វាអាចមិនមែនទេ​ - ខ្ញុំនឹងដាក់ពន្ធគយបន្ថែម... លើប្រេងទាំងអស់ដែលចេញពីរុស្ស៊ី»។


ការលើកឡើងនេះបង្ហាញពីការផ្លាស់ប្តូរ​ឥរិយាបថ​របស់លោក ត្រាំ ចំពោះលោក ពូទីន និងរុស្ស៊ី។ យ៉ាង​ណា​ក៏​ដោយ មេដឹកនាំអឺរ៉ុបបានបារម្ភថា លោក ត្រាំ កំពុងតែស្និទ្ធស្នាលជាមួយលោក ពូទីន ខណៈ​ដែលការចរចា​ស្តីពីបទ​ឈប់បាញ់​នៅអ៊ុយក្រែន​នៅតែបន្ត។

កាល​ពី​៦សប្ដាហ៍​កន្លងមកនេះ លោក ត្រាំ បានស្តីបន្ទោសលោក ហ្សេលេនស្កី នៅក្នុងការិយាល័យរាង​ពង​ក្រពើ​ នៃ​សេត​វិមាន ហើយ​បានទាមទារការសម្បទានជាច្រើនពីប្រធានាធិបតីអ៊ុយក្រែន ព្រមទាំង​​បាន​លើកសរសើរលោក ពូទីន និង​ភាគច្រើន​បាន​ទទួល​យក​តាមការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី។


ប៉ុន្តែ ការ​លើក​ឡើង​របស់​លោក ត្រាំ ចុង​ក្រោយ​នេះ ហាក់ដូចជា​លោក​ ត្រាំ លេង​ទ្រាំ​​ជាមួយ​លោក ពូទីន ទៀត​ហើយ ហើយ​លោក​កំពុង​ងាក​ចេញ​ពី​​ស្ថានភាពជិត​ស្និទ្ធ​នោះ។

វាជាលើកទីមួយ​ហើយ​ដែលសហរដ្ឋអាមេរិកបាន​គំរាម​រុស្ស៊ី​យ៉ាងធ្ងន់​ធ្ងរ​ ដោយ​លើក​ឡើង​ពី​ផលវិបាកចំ​ពោះ​ការអូស​បន្លាយ​​ក្នុងការចរចាបទឈប់បាញ់ ដែលហាក់ដូចជា​ប្រគល់​ការ​ទទួល​ខុស​ត្រូវ និង​​ការសម្រេច​ចិត្ត​ទៅឲ្យ​ទី​ក្រុងមូស្គូ។

ហ្សេលេនស្កី បាន​ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​ X ថា លោក ពូទីន ព្យាយាម​រក​លេស​ដើម្បី​បន្ត​សង្គ្រាម ដូច​​អ្វី​​ដែល​លោក​តែងតែ​​ធ្វើ​តាំង​ពី​ឆ្នាំ​២០១៤​មក៕