ទីភ្នាក់ងារអនុវត្ត​ច្បាប់អន្តោប្រវេសន៍និងគយ (ICE) សហរដ្ឋ​អាមេរិក​ បាន​ចាប់​ខ្លួន​មនុស្ស​ជាង ១០០០​នាក់​ ដែល​ជា​ចំនួន​មួយ​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ICE ក្នុង​រយៈ​ពេល​ជិត ៣ ខែ គិត​ចាប់​ពី​ថ្ងៃ​​ទី២០ ខែមករា​ ដែល​ជា​ថ្ងៃ​លោក ដូណាល់ ត្រាំ ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតីសហរដ្ឋ​អាមេរិក។


ICE បញ្ជាក់​​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី១៥ ខែមេសា​កន្លង​ទៅ​ថា ការ​ចាប់​ខ្លួន​ជន​បរទេស​ទាំង​នោះ​ដោយសារ​តែ​ពួក​គេ​ធ្វើ​ការ​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់។ បន្ថែម​ពី​លើ​នេះ ​អគ្គនាយកដ្ឋាន​សន្តិសុខ​មាតុភូមិ (HIS) ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​ ICE ក៏​បាន​ដាក់​ឲ្យ​ក្រុម​ហ៊ុន​ដែល​ជួល​ពួក​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​ផងដែរ។

លោក Robert Hammer អគ្គនាយក​រង​នៃ​អគ្គយកដ្ឋាន​សន្តិសុខ​មាតុភូមិ បាន​ថ្លែ​ងថា៖ «នេះជា​តួលេខ​នៃ​ការ​ចាប់ខ្លួន​ខ្ពស់​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ HSI។ យើង​បាន​កោះ​ហៅ​ក្រុមហ៊ុន​អាជីវកម្ម​រហូត​ដល់​ទៅ ១២០០​កក្រុមហ៊ុន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ត្រួត​ពិនិត្យ​របស់​យើង ហើយ​យើង​បាន​ស្នើ​ដាក់​ពិន័យ​ពួក​គេ​ជិត​ ១​លាន​ដុល្លារ»។


ការ​ចាប់​ខ្លួន​និង​ផាក​ពិន័យ​នេះ​ធ្វើ​ឡើង​ស្រប​តាម​បទបញ្ជា​របស់​លោក​ ត្រាំ ក្នុង​ការ​អនុវត្ត​ច្បាប់​ពាក់​ព័ន្ធ​​នឹង​បញ្ហា​អន្តោប្រវេសន៍​​ខុស​ច្បាប់​ជាង ៤០០​ច្បាប់ ស​ម្រាប់​ជន​ប្រទេស​ដែល​​ចូល​ទៅ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ ICE។


ICE បាន​អះអាង​​ផង​ដែរ​ថា ខ្លួន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លើ​ក្រុមហ៊ុន​​ចិន​មួយ​ដែល​ខ្លួន​ចោទ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​លាង​លុយ​ និង​ស្នើ​ឲ្យ​រឹបអូស​គម្រោង​​ចំនួន ១៤ ដែល​មាន​ទឹកប្រាប់​រាប់​លាន​ដុល្លារ គណនី​ធនាគារ​ចំនួន ៧ និង រថយន្ត​ចំនួន ១៥ គ្រឿង។ ក្រុមហ៊ុន​នេះ​រង​ការ​ចោទ​ប្រកាន់​ថា បាន​ផ្គត់ផ្គង់​កម្មករ​ខុស​ច្បាប់​សម្រាប់​ធ្វើការ​នៅ​រោង​ចក្រ​មួយ​នៅ​រដ្ឋ Ohio៕