យ៉ាងហោចណាស់អ្នកទេសចរ ២៨ នាក់ត្រូវបានបាញ់សម្លាប់ និងច្រើននាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារភេរវកម្មមួយដែលបានកើតឡើងនៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីគឺតំបន់ Pahalgam នៃស្រុក Anantnag ភាគខាងត្បូងនៃតំបន់ Kashmir កាលពីថ្ងៃអង្គារ​ ទី២២ ខែមេសានេះ។

របាយការណ៍ក្រៅផ្លូវការបានកំណត់​ចំនួនអ្នកស្លាប់នៅត្រឹម ២៨ នាក់ ប៉ុន្តែមន្ត្រីមិនទាន់បានបញ្ជាក់​ពី​ចំនួនអ្នកស្លាប់ ឬរបួសក្នុងចំនួនជាក់លាក់ណាមួយនៅឡើយទេ ដោយសារតែការបញ្ចេញតួលេខកំពុងមានភាព​មិន​ច្បាស់​លាស់។

តាមរបាយការណ៍​បង្ហាញ​ថា ជនបរទេស​ពីរ​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ទេសចរ​ដែល​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារនេះផងដែរ ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក JD Vance ​នៅ​ប្រទេស​ឥណ្ឌា ។


នាយករដ្ឋមន្ដ្រី ​Omar Abdullah ដែលជាអ្នកនយោបាយឥណ្ឌា និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ននៃទឹកដីសហភាព Jammu និង Kashmir បាននិយាយថា៖ «មានការវាយប្រហារដ៏គួរឱ្យរន្ធត់មួយលើអ្នកទេសចរនៅ Pahalgam ខ្ញុំមានការភ្ញាក់ផ្អើល និងមិនគួរ​ឲ្យ​ចង់ជឿ»។

យោងតាមសាក្សីម្នាក់ដែលរួចជីវិតពីការវាយប្រហារបាននិយាយថា មានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណម្នាក់បានបាញ់ប្រហារទៅលើក្រុមអ្នកទេសចរស្តែងៗតែម្តង ដែលធ្វើឲ្យ​មានភាពចលាចលភ្លាមៗ ហើយម្នាក់ៗនាំគ្នារត់គេចខ្លួន និងស្រែកយំ។


អ្នកស្រុកបានរាយការណ៍ថា ពួក​គេ​បានឮសំឡេងកាំភ្លើងនៅក្នុងជ្រលងភ្នំ Baisaran បន្ទាប់មកកងកម្លាំងសន្តិសុខបានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ។

គួរឲ្យ​ដឹងផងដែរថា តំបន់ Kashmir គឺជាតំបន់ដែលមានជម្លោះ និងមានប្រវត្តិសាស្រ្តសង្រ្គាមវឹកវរជាយូរឆ្នាំមកហើយ ដោយតំបន់ Kashmir ត្រូវបានបែងចែកជាពីរក្រោយការប្រកាសឯករាជ្យរបស់ឥណ្ឌាពីចក្រភពអង់គ្លេស និងការបង្កើតប្រទេសប៉ាគីស្ថាន នៅឆ្នាំ១៩៤៧។

ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនេះ សុទ្ធតែទាមទារ​ការ​គ្រប់គ្រងតំបន់នោះទាំងមូលផ្តាច់មុខ ហើយក៏ធ្លាប់ប្រយុទ្ធគ្នាក្នុងសង្គ្រាមធំៗជាច្រើនលើករួចមកហើយដែរ។

ក្រុមភេរវករ The Resistance Front (TRF) ដែលជាពន្លករបស់ Lashkar-e-Taiba (LeT) បានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕