ច្រក​ចេញ​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន ទំនង​ជា​មិន​អាច​កើត​មាន​នា​ពេល​ឆាប់ៗ​នេះ​ទេ ដោយសារ​តែ​ប្រធានាធិបតី​អ៊ុយក្រែន ទាមទារដាក់​​តំបន់​​ Crimea នៅ​ក្នុង​ការ​ចរចាបញ្ចប់​សង្គ្រាមនេះ ខណៈ​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ មិន​ចង់​ឃើញ​តំបន់​​​នេះ​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​ចរចា​នេះ​ទេ។​

លោក ដូណាល់ ត្រាំ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Truth របស់​លោក​ថា ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky បាន​អួត​នៅ​លើ​ទំព័រ​មុខ​របស់​កាសែត The Wall Street Journal ថា អ៊ុយក្រែន​មិន​យល់​ស្រប​ទៅ​លើ​ការ​គ្រប់​គ្រង​​របស់​រុស្ស៊ី​លើ​តំបន់​ Crimea ទេ។ លោក​បន្ត​ ត្រាំ បន្ត​ថា តំបន់ Crimea គ្មាន​​អ្វី​ពាក់​ព័ន្ធ​នឹង​ការ​ចរចា​នេះ​ទេ ហើយ​ចាត់ទុក​ការ​លើក​ឡើង​របស់​លោក Zelensky ថា​​នឹង​ធ្វើ​ឲ្យ​ខូច​កិច្ច​ចរចា​រក​សន្តិភាព​នៅ​អ៊ុយក្រែន។

តំបន់​ Crimea ត្រូវ​បាន​រុស្ស៊ី​ដាក់​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​លោក​ ត្រាំ ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​អ៊ុយក្រែន​មិន​បាន​វាយប្រហារ​ដោយ​អាវុធ​​ការពារ និង​ទាមទារ​តំបន់​នេះ​សូម្បី​មួយ​គ្រាប់​ ក្នុង​​រយៈ​ពេល ១១​ឆ្នាំ។​


លោក​ ត្រាំ ថ្លែង​ថា៖ «​អ្វី​ដែល​លោក Zelensky បាន​ថ្លែង វា​ជា​សេចក្ដី​ថ្លែង​ការណ៍​បញ្ឆេះ​​កម្ដៅ ​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​ការ​ការ​ដោះ​ស្រាយ​សង្គ្រាម​នេះ​ជួប​ការ​លំបាក»។ លោក​ថា នៅ​តែ​យក​តំបន់  Crimea មក​ពាក់​ព័ន្ធ​ទៀត សង្គ្រាមអាច​បន្ត​ ៣​ឆ្នាំ​ទៀត។

លោក Zelensky កាល​ពី​ម្សិល​មិញ​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍ និង​បាន​បង្ហោះ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ឆ្នាំ​២០១៨ ដែល​បញ្ជាក់​ពី​គោលការណ៍​អន្តរជាតិ​ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ណា​មួយ​ធ្វើ​ការ​​កែប្រែ​ព្រំដែន​ប្រទេស​ណា​មួយ​ដោយ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​៕