យ៉ាង​ហោច​មនុស្ស ៩ នាក់​ត្រូវ​បាន​សម្លាប់​ និង​មនុស្ស​ ៦៣​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ទីក្រុង​កៀវ នៃ​ប្រទេស​អ៊ុយក្រែន​នៅ​យប់​ថ្ងៃ​ទី២៣ ខែ​មេសា។​ ចំណែក​មនុស្ស​ ២ នាក់​ទៀត​បាន​រង​របួស​នៅ​ទីក្រុង Kharkiv។

អភិបាល​ក្រុង​កៀវ Vitali Klitschko និយាយ​ថា ក្នុង​ចំណោម​អ្នក​រង​របួស មាន​ក្មេងៗ​ចំនួន ៦​នាក់។

លោក​ថា ការ​វាយ​ប្រហារ​នេះ​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​កើត​ឡើង​នៅ​ទីតាំង​ចំនួន ៦ ហើយ​មនុស្ស​ជា​ច្រើន​បាន​ជាប់​នៅ​ក្នុង​គំនរ​អគារ​បាក់​បែក។


រដ្ឋមន្ត្រី​មហា​ផ្ទៃ​អ៊ុយក្រែន​ Ihor Klymenko និយាយ​ គេ​បាន​ឮ​សំឡេង​ហៅ​ទូរស័ព្ទ​ចេញ​ពី​គំនរ​បាក់​បែក ហើយ​ថា កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ឡើង។​ តំបន់​ផ្សេង​ទៀត​ក៏​រង​ការ​វាយ​ប្រហារ​ដែរ ដូចជា Sumy និង Zhytomyr ប៉ុន្តែ ទីក្រុង​កៀវ​រងគ្រោះ​ខ្លាំង​ជាង​គេ។​

រូបថត៖ ក្រសួង​ការពារជាតិអ៊ុយក្រែន


យោធា​រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​វាយ​ប្រហារ​នេះ​ទេ ប៉ុន្តែ បាន​អះអាង​ថា ពួក​គេ​បាន​ចាប់​បាន​ដ្រូន​របស់​អ៊ុយក្រែន​ចំនួន ៨៧​គ្រឿង ដែល​ក្នុង​នោះ​មាន​ ២ គ្រឿង​ត្រូវ​បាន​ចាប់​បាន​នៅ​តំបន់​នៃ​ទីក្រុង​មូស្គូ។

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី មាន​ឡើង​ស្រប​ពេល​ដែល​កិច្ច​ចរចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ ហាក់​ដូច​ជា​គ្មាន​ពន្លឺ​នៅ​ឡើយ ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក រិះគន់​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelensky សម្រាប់​ការ​លើក​ឡើង​ពី​ការ​ទាមទារ​តំបន់​គ្រីមា (Crimea) នៅ​ក្នុង​ការ​ចរចា៕

រូបថត៖ ក្រសួង​ការពារជាតិអ៊ុយក្រែន