
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ប៉ាគីស្ថានបានបញ្ចេញសេចក្ដីព្រមានយ៉ាងតឹងរឹងថា ភាពតានតឹងដែលកើតឡើងដោយសារជម្លោះនយោបាយនៅតំបន់ Kashmir អាចនាំឲ្យមានសង្គ្រាមជាមួយឥណ្ឌាកើតឡើង។
ការព្រមាននេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif ដែលបានបញ្ជាក់ថា ប៉ាគីស្ថាននឹងឆ្លើយតបប្រកបដោយភាពស្មើគ្នា ប្រសិនបើឥណ្ឌាចាប់ផ្តើមប្រើប្រាស់អំពើហិង្សា ប៉ុន្តែលោកក៏បាននិយាយដែរថា លោកសង្ឃឹមថាជម្លោះនេះអាចត្រូវបានដោះស្រាយតាមរយៈការចរចា។
ភាពតានតឹងរវាងប្រទេសទាំងពីរនេះកើតឡើងបន្ទាប់ពីមានការវាយប្រហារភេរវកម្មមួយដែលបានកើតឡើងនៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីគឺតំបន់ Pahalgam នៃស្រុក Anantnag ភាគខាងត្បូងនៃតំបន់ Kashmir កាលពីថ្ងៃអង្គារ ទី២២ ខែមេសានេះ ដែលបានសម្លាប់មនុស្សអស់ជាច្រើនអ្នក។
បន្ទាប់ពីមានការវាយប្រហារនេះកើតឡើង ប្រទេសឥណ្ឌាបានចោទប្រកាន់ ប្រទេសប៉ាគីស្ថានចំពោះហេតុការណ៍មួយនេះ ហើយបានផ្អាកទិដ្ឋាការសម្រាប់ជនជាតិប៉ាគីស្ថាន កាត់ផ្តាច់ទំនាក់ទំនងការទូត បិទច្រកព្រំដែន និងផ្អាកកិច្ចព្រមព្រៀងចែករំលែកទឹកដ៏សំខាន់មួយ។
ប៉ុន្តែលោក Asif បានបដិសេធលើការចោទប្រកាន់នេះដោយបានលើកឡើងថា ប្រទេសឥណ្ឌាបានរៀបចំការបាញ់ប្រហារក្លែងក្លាយមួយ ហើយចោទទៅលើប្រទេសប៉ាគីស្ថាន ក្នុងនោះដែរលោកបានព្រមានថា៖ «ប្រសិនបើមានការវាយប្រហារណាមួយកើតឡើង ច្បាស់ណាស់នឹងមានសង្គ្រាម យោធារបស់យើងបានត្រៀមខ្លួនរួចរាល់សម្រាប់ភាពតានតឹងដែលកើតឡើងកាន់តែខ្លាំង»។
ជាការឆ្លើយតប ប៉ាគីស្ថានបានលុបចោលទិដ្ឋាការសម្រាប់ជនជាតិឥណ្ឌា បិទដែនអាកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលគ្រប់គ្រងដោយជនជាតិឥណ្ឌាទាំងអស់ និងបានផ្អាករាល់ការធ្វើពាណិជ្ជកម្មជាមួយឥណ្ឌា រួមទាំងការនាំចូល និងនាំចេញ។
ប្រទេសទាំងពីរ ជាប្រទេសមានអាវុធនុយក្លេអ៊ែរ ដែលធ្លាប់មានជម្លោះជាច្រើនលើកនៅតំបន់នេះ ដូច្នេះការកើនឡើងនៃភាពតានតឹងបែបនេះបានធ្វើឲ្យសហគមន៍អន្តរជាតិបារម្ភយ៉ាងខ្លាំង។
អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិបានអំពាវនាវឲ្យប្រទេសទាំងពីរបញ្ឈប់ការប្រឆាំង និងចូលរួមក្នុងកិច្ចពិភាក្សាសន្តិភាព ដើម្បីចៀសវាងពីការបណ្តាលឲ្យមានសង្គ្រាមដ៏ធំមួយដែលអាចមានផលប៉ះពាល់ធំលើតំបន់ និងពិភពលោកទាំងមូល។
គួរឲ្យដឹងផងដែរថា តំបន់ Kashmir គឺជាតំបន់ដែលមានជម្លោះ និងមានប្រវត្តិសាស្រ្តសង្រ្គាមវឹកវរជាយូរឆ្នាំមកហើយ ដោយតំបន់នេះត្រូវបានបែងចែកជាពីរក្រោយការប្រកាសឯករាជ្យរបស់ឥណ្ឌាពីចក្រភពអង់គ្លេស និងការបង្កើតប្រទេសប៉ាគីស្ថាន នៅឆ្នាំ១៩៤៧។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរនេះ សុទ្ធតែទាមទារការគ្រប់គ្រងតំបន់នោះទាំងមូលផ្តាច់មុខ ហើយក៏ធ្លាប់ប្រយុទ្ធគ្នាក្នុងសង្គ្រាមធំៗជាច្រើនលើករួចមកហើយដែរ៕
ប្រភព៖ https://news.sky.com/story/pakistan-warns-kashmir-row-could-lead-to-all-out-war-with-india-13355033