វា​ជា​លើក​ដំបូង​ហើយ​ដែល​ប្រទេសកូរ៉េខាងជើង បានបញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា​ ខ្លួន​ពិត​ជា​បានបញ្ជូនកងទ័ពទៅជួយប្រទេសរុស្ស៊ី​មែន​​​ នៅ​ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក្រោមការបញ្ជារបស់មេដឹកនាំ គីម ជុនអ៊ុន ។

មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុនអ៊ុន បានបញ្ចាក់ថា កងទ័ពរបស់ពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះទឹកដីរុស្ស៊ីដែលកាន់កាប់ដោយអ៊ុយក្រែន។

ទីភ្នាក់​ងារសារ​ព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) ​បាន​ដក​ស្រង់​សម្តី​របស់​បក្ស​កាន់​អំណាច​កូរ៉េ​ខាង​ជើង​ថា ការ​បញ្ចប់​ដោយ​ជោគជ័យ​​នៃ​សមរភូមិ​រំដោះ​តំបន់ Kursk របស់​រុស្ស៊ី​បាន​បង្ហាញ​ពីកម្រិត​យុទ្ធសាស្ត្រ​ខ្ពស់​បំផុត​នៃ​មិត្ត​ភាពប្រយុទ្ធ​ដ៏​រឹង​មាំរវាង​កូរ៉េ​ខាង​ជើង និង​រុស្ស៊ី។


រុស្ស៊ីបានប្រកាសកាលពីសប្តាហ៍មុនថា កងកម្លាំងអ៊ុយក្រែនត្រូវបានបណ្តេញចេញពីភូមិចុងក្រោយរបស់រុស្ស៊ីដែលពួកគេបានកាន់កាប់ ទោះបីជាទីក្រុងកៀវ​ បានច្រាន​ចោល​ការ​ប្រកាសនេះ ហើយបាននិយាយថា កងទ័ពរបស់ខ្លួននៅតែប្រតិបត្តិការនៅទីក្រុង Belgorod ដែលជាតំបន់រុស្ស៊ីមួយផ្សេងទៀតនៅជាប់ព្រំដែនអ៊ុយក្រែនក៏ដោយ។

គណៈកម្មាធិការយោធាកណ្តាលនៃគណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើងបាននិយាយថា លោក គីម​ បានធ្វើការសម្រេចចិត្តក្នុងការដាក់ពង្រាយកងទ័ពក្រោមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយដែលលោក​បានចុះហត្ថលេខាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌឺមៀ ពូទីន Putin កាលពីឆ្នាំមុន។


ទីភ្នាក់ងារ​ KCNA បានដកស្រង់សម្តីរបស់គណៈកម្មាការថា ក្រោមបញ្ជារបស់ប្រមុខរដ្ឋ កងអនុសេនាតូចនៃកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋបានបង្ហាញ​ឆន្ទៈ​ថា ពួក​គេ​នឹង​ប្រយុទ្ធ​ដើម្បី​ការពារ​ប្រទេសរបស់​ពួក​គេ ដូច​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​សម្រាប់​ប្រទេស​រុស្ស៊ី។

KCNA បាន​ដក​ស្រង់​សម្ដី​លោក គីម ដែល​បាន​លើក​ឡើង​ថា​៖ «​អ្នក​ដែល​តស៊ូ​ដើម្បី​យុត្តិធម៌​សុទ្ធ​តែ​ជា​វីរបុរស និង​ជា​តំណាង​កិត្តិយស​នៃ​មាតុភូមិ​របស់​ប្រទេសកូរ៉េខាងជើង»។

កូរ៉េ​ខាង​ជើង​ចាត់ទុកវាជាកិត្តិយស​របស់​ពួក​គេ​ ដែលមានសម្ព័ន្ធភាពជាមួយរដ្ឋដ៏មានឥទ្ធិពលដូចជាសហព័ន្ធរុស្ស៊ី​។

មន្ត្រីអ៊ុយក្រែនបាននិយាយថា កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១៤០០០នាក់ រួមទាំងទាហានបម្រុង ៣០០០នាក់ផ្សេងទៀតដើម្បីជំនួស​ទាហាន​ដែល​បាត់​បង់​ជីវិត។ មន្ត្រី​ដដែល​និយាយ​ថា ដោយខ្វះរថពាសដែក និងបទពិសោធន៍ធ្វើសង្គ្រាមជាមួយយន្តហោះគ្មានមនុស្សបើក ទាហាន​កូរ៉េ​ខាង​ជើង​បានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបានសម្របខ្លួនយ៉ាងឆាប់រហ័ស។

កាលពីថ្ងៃទី ២៦ ខែមេសា ប្រទសរុស្ស៊ីបានបញ្ជាក់ជាលើកដំបូងថា ទាហានកូរ៉េខាងជើងបានជួយប្រយុទ្ធជាមួយរុស្ស៊ីនៅ Kursk ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន៕ ប្រភព៖ Strait Times