ប៉ូលិស​នៃ​ទីក្រុង​វែងឃូវើ (Vancouver) ប្រទេស​កាណាដា​ និយាយថា មនុស្ស ១១ នាក់បានស្លាប់បន្ទាប់ពីរថយន្តបើកចូលទៅក្នុងហ្វូងមនុស្សនៅឯពិធីបុណ្យ​ Lapu Lapu របស់​សហគមន៍​ហ្វីលីពីននៅ​ប្រទេស​កាណាដា​ កាល​ពី​ម្សិល​មិញ។​​

ព្រឹត្តិការណ៍​នេះ ក៏​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​អ្នក​ផ្សេង​ទៀត​រង​របួស ដែល​កើត​ឡើងខណៈ​មនុស្សរាប់ពាន់នាក់នៅកំពុងប្រារព្ធពការអបអរ​កម្មវិធី​​បេតិកភណ្ឌ និងវប្បធម៌របស់ប្រទេសហ្វីលីពីន។ ជន​ល្មើស​​ត្រូវ​បាន​ហ្វូង​មន្សុស​ចាប់​បាន​ភ្លាមៗ។

មេ​ប៉ូលិស​ស្ដីទី​ លោក​ Steve Rai និយាយថា ជនរងគ្រោះមានអាយុចន្លោះពី ៥ ទៅ ៦៥ ឆ្នាំ។ លោក​ថា ជន​សង្ស័យ អាយុ ៣០ឆ្នាំ មាន​ប្រវត្តិ​តដៃ​ជាមួយ​ប៉ូលិស​ជា​ច្រើន​លើក​ ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត។


លោក Ken Sim អភិបាលក្រុងនិយាយថា ការពិនិត្យឡើងវិញទាំងស្រុងត្រូវបានបើកឡើងទាក់ទងនឹងសុវត្ថិភាពនៃព្រឹត្តិការណ៍នេះ។​ លោក​​ហៅថ្ងៃដែល​ព្រឹត្តិការណ៍​កើត​ឡើង​​ថា​ជា «ថ្ងៃដ៏ខ្មៅងងឹតបំផុត»​ សម្រាប់ទាំងទីក្រុង​ Vancouver និងសហគមន៍ហ្វីលីពីន ដែល​បណ្ដាល​មក​ពី​​ «ការឈឺចាប់ដែលមិនអាចស្រមៃបាន»។

អ្នករៀបចំកម្មវិធី​និយាយថា ពួកគេ​​កំពុង​រង​ភាព​ «ខ្ទេចខ្ទាំ​ខ្លោចផ្សា« ដោយ​ថ្លែង​ថា៖ «យើងទាំង​អស់​គ្នា​បែក​បាក់​ជាមួយ​​គ្នា​ ប៉ុន្តែយើង​កំពុងរួប​រួម​គ្នា​ជាសហគមន៍»។


លោក Yoseb Vardeh ដែល​បាន​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​សារព័ត៌មាន BBC ថា រថយន្តបានបើក «ចូល​ទៅ​ក្នុង​​ហ្វូងងមនុស្ស» ដែល​ធ្វើ​ឲ្យ​មនុស្សជា​ច្រើន​​នាក់​បាន​​ស្រែកយំខ្លាំង ហៅ​រក​មនុស្សជាទីស្រឡាញ់របស់ពួកគេ។

មក​ទល់​នឹង​​ពេល​នេះ គេ​មិន​ទាន់​ដឹង​ពី​អ្វី​ជា​កត្តា​ជំរុញ​ឲ្យ​ជន​ល្មើស​ធ្វើ​សកម្មភាព​ដ៏​ប្រល័យ​នេះ​ទេ៕ BBC, CNN