ខណៈដែលប្រទេសប៉ាគីស្ថាននៅតែបន្តបាញ់ឆ្លងដែនដោយមិនញញើតដៃចូលដល់ថ្ងៃទី៥ កិច្ចប្រជុំកម្រិតខ្ពស់ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ត្រូវបានធ្វើឡើងនៅឯគេហដ្ឋានរបស់លោកផ្ទាល់កាលពីថ្ងៃអង្គារ។


កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ Rajnath Singh ទីប្រឹក្សាសន្តិសុខជាតិ Ajit Doval នាយសេនាធិការការពារជាតិ ឧត្តមសេនីយ៍ Anil Chauhan និងនាយសេនាធិការទាំងបី។

កិច្ចប្រជុំនេះធ្វើឡើងមួយថ្ងៃមុនគណៈកម្មាធិការខុទ្ទកាល័យសន្តិសុខ (CCS) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃពុធ។ ទោះបីជាមិនមានសេចក្តីថ្លែងការណ៍ផ្លូវការពីរដ្ឋាភិបាលទាក់ទងនឹងដំណើរការនៃកិច្ចប្រជុំក៏ដោយ វាត្រូវបានគេរំពឹងថាផែនការពាក់ព័ន្ធនឹងសកម្មភាពយោធាបន្ទាប់ពីការវាយប្រហារភេរវកម្ម Pahalgam ត្រូវបានពិភាក្សា។


កាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលកម្មវិធីវិទ្យុ Mann ki Baat របស់គាត់ លោក Modi បានព្រហមាន​អ្នករៀបចំការវាយប្រហារភេរវកម្មនៅក្នុងតំបន់ទេសចរណ៍ Pahalgam ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់​ ដោយធានារកយុត្តិធម៌ដល់ក្រុមគ្រួសារជនរងគ្រោះ។


លោក Modi បាននិយាយថា លោកមានការសោកស្ដាយជាខ្លាំង និងយល់ពីការខឹងសម្បា​របស់​ប្រជាពលរដ្ឋគ្រប់រូប ដោយសារការវាយប្រហារនេះ។ លោកក៏បានលើកឡើងទៀតថា ការវាយប្រហារភេរវកម្មនៅតំបន់ Pahalgam បានបង្ហាញពីភាពកំសាករបស់ពួកជន​ល្មើស។


អ្នកនាំពាក្យកងទ័ពឥណ្ឌាបាននិយាយថា នៅយប់ថ្ងៃទី ២៨-២៩ ខែមេសា កងទ័ពប៉ាគីស្ថានបានប្រើអាវុធធុនតូចបាញ់ឆ្លងកាត់ព្រំដែនដោយមិនញញើតដៃក្នុងតំបន់ព្រំដែន Kupwara និងស្រុក Baramulla ក៏ដូចជាផ្នែក Akhnoor ទឹកដីឥណ្ឌា៕​