អគ្គិភ័យបានឆាបឆេះរោងចក្រ​គ្រឿង​សង្ហា​រឹមដ៏ធំមួយដែលមានឈ្មោះថា Siam House and Home ដែលមានទីតាំងស្ថិតនៅ​ក្នុង​សង្កាត់ Lad Krabang ក្រុង​បាងកក កាលពី​ថ្ងៃ​អាទិត្យ។


អគ្គិភ័យ​នេះបាន​ឆាបឆេះ​ នៅវេលាម៉ោងប្រហែល ៤ រសៀលដោយចាប់ផ្តើមឆាបឆេះ ចេញពីឃ្លាំងស្តុកទំនិញក្រោមដីចំនួន២ ហើយបានរាលដាលឆាបឆេះយ៉ាងលឿន ដោយបង្កជាផ្សែងពុលយ៉ាងក្រាស់ ដែលបានប៉ះពាល់ដល់ប្រជាជនក្បែរនោះ។

អ្នកពន្លត់អគ្គិភ័យជាង ១០០នាក់ រួមជាមួយនឹងរថយន្តពន្លត់អគ្គិភ័យ រាប់រយគ្រឿង  ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ និងព្យាយាមទប់ស្កាត់កុំឲ្យ​អគ្គិភ័យ​នេះ​រីករាលដាល។


គិតត្រឹមម៉ោង ៧និង៥០នាទីយប់ថ្ងៃដដែល ​អគ្គិភ័យ​បាន​លេប​ត្របាក់​ឃ្លាំង​ទាំងស្រុង ជាមួយនិងការដួលរលំឃ្លាំង ធ្វើឲ្យ​មន្ត្រីត្រូវជន្លៀសប្រជាជន និងបុគ្គលិកចេញពីកន្លែងកើតហេតុដើម្បីសុវត្តិភាព។


នៅវេលាម៉ោង ១០ និង ២០នាទីយប់ អភិបាលរងក្រុងបាងកក បានចុះទៅកន្លែងកើតហេតុ ដើម្បីតាមដានស្ថានភាពដោយក្នុងនោះដែរលោកស្រីបានលើកឡើងថា ការឆាបឆេះដ៏សន្ធោសន្ធៅនេះបានបង្ករឲ្យ​មានផ្សែងពុល ដែលប៉ះពាល់ដល់ប្រជាជនក្បែរនោះ ហើយបានបានណែនាំដល់ស្ថាប័នពាក់ព័ន្ធ​ឲ្យ​ផ្តល់ជំនួយសុខភាពជាបន្ទាន់ដល់ប្រជាពលរដ្ធ។


នៅក្នុងយប់កើតហេតុនោះដែរ ក្រុមមន្ត្រីបានរាយការណ៍ថាមាន ប្រជាពលរដ្ធរាប់រយគ្រួសារត្រូវបានជម្លៀសចេញពីតំបន់ឆាបឆេះ ដើម្បីជៀសវាយពីផ្សែងពុលចេញពីការឆេះ។

គិតមកដល់ថ្ងៃចន្ទ ​ត្រឹម​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ អគ្គិភ័យនៅតែមិនទាន់រលត់ទាំងស្រុង ហើយប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ ដើម្បីការពារពីផ្សែងពុលដែលកំពុងបន្តឆាបឆេះ។ ក្នុងនោះដែរ កន្លែង​ស្នាក់​បណ្តោះអាសន្ន​ចំនួន​៤​បាន​ត្រូវបានបង្កើតឡើងដើម្បី​ទទួល​ប្រជាពលរដ្ធ ស្នាក់នៅបន្តោះអាសន្ត។

ក្នុងហេតុការណ៏នេះដែរ មិន​មានរបាយណ៍​ពីអ្នករងរបួស ឬស្លាប់នៅឡើយទេ៕