
អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រ៉ូឌ្រីហ្គោ ឌុយទែរតេ) ដែលត្រូវបានឃុំខ្លួននៅទីក្រុងឡាអេ ប្រទេសហូឡង់ ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក បានជាប់ឆ្នោតជាអភិបាលក្រុង Davao ដែលជាមូលដ្ឋានដ៏រឹងមាំនៃគ្រួសាររបស់លោក។
លទ្ធផលនៃការបោះឆ្នោតជាង ៦០ភាគរយ ដែលបានរាប់រួចបង្ហាញថា លោក Duterte អាយុ ៨០ ឆ្នាំ ទទួលបានការនាំមុខគេដែលមិនអាចជំនួសបានជាមួយនឹងសំឡេងគាំទ្រ ៤០៥,០០០ សំឡេង ដែលនាំមុខឆ្ងាយពីគូប្រជែងដ៏ខ្លាំងដែលទទួលបានត្រឹម ៤៩,០០០ សំឡេងប៉ុណ្ណោះ។ នេះបើយោងតាមលទ្ធផលមិនទាន់ផ្លូវការពីគណៈកម្មការរៀបចំការបោះឆ្នោតដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោក Duterte ត្រូវបានចាប់ខ្លួននិងបញ្ជូនតាមយន្តហោះទៅទីក្រុងឡាអេ កាលពីខែមីនា ពាក់ព័ន្ធនឹងសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលត្រូវបានរាយការណ៍ថាបានសម្លាប់មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាយុវជននៅតំបន់ទីក្រុងក្រីក្រដែលត្រូវបានបាញ់សម្លាប់នៅតាមដងផ្លូវ។
ទោះបីជាមានការខឹងសម្បាជាអន្តរជាតិចំពោះការសម្លាប់ទាំងនេះក៏ដោយ លោក Duterte ដែលមានបុគ្គលិកលក្ខណៈនិយាយរឹងមាំនិងជាមនុស្សសាមញ្ញ នៅតែរក្សាបានប្រជាប្រិយភាពពេញមួយអាណត្តិប្រធានាធិបតីរបស់លោក។
ការចាប់ខ្លួនលោកបានជំរុញឱ្យមានការប្រឆាំងនិងការអាណិតអាសូរក្នុងចំណោមអ្នកគាំទ្រនៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃចន្ទ ដែលបានធ្វើឡើងទន្ទឹមនឹងជម្លោះអំណាចដ៏ជូរចត់រវាងត្រកូល Duterte និងគូប្រជែងរបស់ពួកគេ គឺគ្រួសាររបស់ប្រធានាធិបតី ហ្វឺលីពីន Ferdinand Marcos Jr។

នៅថ្ងៃខួបកំណើតអាយុ ៨០ ឆ្នាំរបស់លោក Duterte កាលពីខែមីនា មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Davao ដោយបំភ្លឺទៀននិងច្រៀងចម្រៀង។ យុទ្ធនាការរបស់អ្នកគាំទ្រមានទាំងការអំពាវនាវឱ្យនាំលោកត្រឡប់មកហ្វីលីពីនវិញ។
យ៉ាងណាក៏ដោយ មិនទាន់ច្បាស់ទេថាតើ លោក Duterte នឹងធ្វើសច្ចាប្រណិធានដើម្បីចូលកាន់តំណែងជាអភិបាលក្រុងនេះដោយរបៀបណា។ កូនស្រីរបស់លោក គឺអ្នកស្រី Sara Duterte ដែលជាអនុប្រធានាធិបតីនិងកំពុងរងការចោទប្រកាន់លើបទល្មើសផ្សេងនោះ បាននិយាយថា រឿងនេះកំពុងត្រូវបានពិភាក្សាដោយ រវាងមេធាវីនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនិងមេធាវីហ្វីលីពីន។
ដោយសារអតីតប្រធានាធិបតីកំពុងជាប់ឃុំនៅប្រទេសហូឡង់ គេរំពឹងថា ភារកិច្ចជាអភិបាលក្រុងនេះអាចនឹងត្រូវបានទទួលខុសត្រូវដោយអភិបាលក្រុងរង៕ ប្រភព៖ BBC, The Guardian