
ទោះបីជាមានការអំពាវនាវពីប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌឺមៀ ហ្សេលេនស្គី (Volodymyr Zelensky) ឱ្យលោកចូលរួមក្នុងកិច្ចចរចាសន្តិភាពនៃសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ប្រធានាធិបតីរុស្ស៊ី វ៉្លាឌឺមៀ ពូទីន មិនស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់វិមានក្រឹមឡាំងសម្រាប់កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃព្រហស្បតិ៍នេះទេ។
គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយលោក Vladimir Medinsky ជំនួយការប្រធានាធិបតី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រឹមឡាំង។
លោក ហ្សេលេនស្គី ធ្លាប់បាននិយាយថា លោកនឹងមិនចូលរួមកិច្ចចរចានេះទេ ប្រសិនបើលោក ពូទីន ចូលរួមដោយផ្ទាល់ ក្នុងកិច្ចចរចានេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានបង្ហាញឆន្ទៈចូលរួមក្នុងកិច្ចចរចានេះដែរ ប្រសិនបើលោក ពូទីន ចូលរួម។ ប៉ុន្តែ បើតាមសេចក្ដីរាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយ លោក ត្រាំ ក៏មិនចូលរួមក្នុងកិច្ចប្រជុំនេះដែរ ដោយសារតែអវត្តមានរបស់លោក ពូទីន។
លោក ហ្សេលេនស្គី នឹងស្ថិតនៅរដ្ឋធានីអង់ការ៉ា នៃប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបប្រធានាធិបតី លោក រ៉េសេប តៃយីប អឺរដូហ្គាន។ លោកបាននិយាយថា លោកនឹងចូលរួមកិច្ចចរចាផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុលជាមួយរុស្ស៊ី ប៉ុន្តែលុះត្រាតែមានវត្តមានលោក ពូទីន។
លោកថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូប្រចាំរាត្រីរបស់លោកកាលពីថ្ងៃពុធថា៖ «ខ្ញុំកំពុងរង់ចាំមើលថាតើនរណានឹងមកពីរុស្ស៊ីដើម្បីចូលរួមកិចចរចានេះ ហើយបន្ទាប់មកខ្ញុំនឹងសម្រេចចិត្តថាតើអ៊ុយក្រែនគួរធ្វើជំហានអ្វីបន្តទៀត។ រហូតមកដល់ពេលនេះ សញ្ញាពីពួកគេនៅក្នុងប្រព័ន្ធផ្សព្វផ្សាយគឺមិនគួរឱ្យជឿទុកចិត្តទេ»។
លោក ពូទីន និងលោក ហ្សេលេនស្គី មិនបានជួបគ្នាដោយផ្ទាល់ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។ រុស្ស៊ី និងអ៊ុយក្រែន បានធ្វើកិច្ចចរចាផ្ទាល់ចុងក្រោយនៅខែមីនា ឆ្នាំ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ភ្លាមៗបន្ទាប់ពីទីក្រុងម៉ូស្គូបានចាប់ផ្តើមឈ្លានពានទ្រង់ទ្រាយធំលើប្រទេសជិតខាងរបស់ខ្លួន៕ BBC