ការទូតកំពូលរបស់អាមេរិក​លោក​ Marco Rubio និយាយថា លោក​មិនមានការរំពឹងខ្ពស់សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី ដែលធ្វើឡើងនៅក្នុងប្រទេសតួកគីនោះទេ ហើយលោកបានលើកឡើងទៀតថា វត្តមាន ​​ប្រធានាធិបតីលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌឺមឿ ពូទីន មាន​ភាព​ចាំបាច់ធ្វើ​​ឲ្យ​កិច្ច​ពិភាក្សា​ចរចាដំណើរការទៅមុខ។


លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូ នៅភាគខាងត្បូងប្រទេសទួរគីថា៖ «ខ្ញុំគិតថាយើងមិនមានផ្លែផ្កាអ្វីកើតឡើងនៅទីនេះទេ រហូតទាល់តែប្រធានាធិបតី ត្រាំ និងប្រធានាធិបតី ពូទីន​ ធ្វើអន្តរកម្មដោយ​ផ្ទាល់លើប្រធានបទនេះ»។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ថា អ៊ុយក្រែនបានបញ្ជូនគណៈប្រតិភូមួយក្រុមសម្រាប់កិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែបានរិះគន់គណៈប្រតិភូរុស្ស៊ីដែលបានបញ្ចូនមកថាជាគណៈប្រតិភូ កម្រិតទាប។


គណៈប្រតិភូ​រុស្ស៊ី ដឹក​នាំ​ដោយ​លោក Vladimir Medinsky ដែលជាជំនួយការសម្ព័ន្ធប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា ក្រុមការងាររបស់ប្រទេសរុស្ស៊ី គឺមានសមត្ថភាពចាំបាច់គ្រប់យ៉ាងទាំងអស់។


លោក ត្រាំ​ ដែលកំពុងបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា ក៏បាននិយាយថា ភាពរីកចំរើននៅក្នុងកិច្ចចរចាសន្តិភាពគឺមិនមានអ្វីកើតឡើងទេ បើមិនមានវត្តមានរូបលោក  និងលោក ពូទីន ជួបគ្នាដោយផ្ទាល់។


នៅពេលសួរដោយសារព័ត៌មាន BBC នៅលើយន្តហោះ Air Force One​ ថាតើលោកមានការខកចិត្តចំពោះកម្រិតនៃគណៈប្រតិភូរុស្ស៊ីដែលចូលរួមកិច្ចចរចាឬទេ? លោក ត្រាំ បានឆ្លើយថា៖ «តើអ្នកឃើញទេ អ្វីៗនឹងមិនកើតឡើងឡើយ រហូតទាល់តែមានវត្តមានខ្ញុំ និងលោក ពូទីន ចូលរួម»។

លោកបានបន្ថែមថា៖ «លោក ពូទីន មិនទៅចូលរួមទេ ប្រសិនបើខ្ញុំមិននៅទីនោះ ហើយខ្ញុំមិនជឿថា អ្វីៗនឹងកើតមានឡើយ មិនថាអ្នកពេញចិត្តឬអត់ទេ រហូតដល់ខ្ញុំ និងលោកពូទីនជួបគ្នាជាមុនសិន ប៉ុន្តែ​យើង​​ត្រូវ​ដោះស្រាយបញ្ហានេះឲ្យបាន ពី​ព្រោះមាន​មនុស្សជា​ច្រើន​​កំពុង​ស្លាប់​»​។

លោក ត្រាំ​ ធ្លាប់​បាននិយាយថា លោកនឹងចូលរួមកិច្ចពិភាក្សានៅក្នុងប្រទេសតួកគីនៅថ្ងៃសុក្រនេះប្រសិនបើមានភាពសមស្របណាមួយកើតឡើង ប៉ុន្តែក្រោយមក លោក​បាននិយាយ​ថា លោក​​ប្រហែលជានឹងត្រឡប់​ទៅទីក្រុងវ៉ាស៊ីនតោនវិញ ដោយ​មិន​ចូលរួម។

គណៈប្រតិភូមកពីប្រទេសតួកគី សហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៊ី បានគ្រោងជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលនៅ​​ថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចចរចាទល់មុខ អ៊ុយក្រែន-រុស្ស៊ី ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២២។ ប៉ុន្តែ បើតាមរបាយ​ការណ៍​មួយ​ចំនួន​បង្ហាញ​ថា កិច្ច​ប្រជុំ​នេះ​​​អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​សុក្រនេះ។

គួរឲ្យ​ដឹងផងដែរថា លោក ពូទីន​ បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់នៅថ្ងៃទី១៥ ឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែន ដែល​ស្នើ​ឲ្យ​មាន​​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ ថ្ងៃ។

បន្ទាប់មកលោក Zelensky បានស្នើឱ្យលោក ពូទីន​ ជួបគាត់ដោយផ្ទាល់ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីមិនស្ថិតក្នុងចំណោមមន្ត្រីដែលធ្វើដំណើរទៅចូលរួមចចារនោះទេ៕