ក្រុម​ហាម៉ាសបានស្នើថា​ពួក​គេ​នឹង​ដោះលែងចំណាប់ខ្មាំងបន្ថែមទៀត នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ថ្មីនៅហ្គាហ្សា បន្ទាប់ពីការចរចាថ្មីត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍។​ការ​ចរចា​នេះបាន​ចាប់ផ្តើមប៉ុន្មាន​ម៉ោងបន្ទាប់ពីយោធាអ៊ីស្រាអែល​បានបើកការ​វាយលុក​ទ្រង់​ទ្រាយ​ធំថ្មីនៅតំបន់ហ្គាស្សា។


នៅ​ក្នុង​ការ​ស្នើ​នេះ ក្រុម​ហាម៉ាស​បានយល់ព្រមដោះលែងចំណាប់ខ្មាំងចំនួន ៩នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ និង​ស្នើ​ឲ្យ​អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន។

មន្ត្រីរូបនេះបាននិយាយថា កិច្ចព្រមព្រៀងដែលបានស្នើថ្មីនេះក៏នឹងអនុញ្ញាតឱ្យរថយន្តជំនួយចំនួន ៤០០ គ្រឿងក្នុងមួយថ្ងៃ​ចូល​ទៅ​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​នៅ​តំបន់​ហ្គាហ្សា​ និង​ការ​ជម្លៀស​អ្នក​ជំងឺ​ចេញ​ពី​តំបន់​នេះ​ផង​ដែរ។


អ៊ីស្រាអែលមិនទាន់ឆ្លើយតបជាសាធារណៈចំពោះកិច្ចព្រមព្រៀងដែលបានស្នើនេះទេ ប៉ុន្តែបាននិយាយមុនការចរចាថា ខ្លួននឹងមិនដកទ័ពចេញពីហ្គាហ្សា ឬ​ក៏​បញ្ចប់សង្គ្រាមនោះដែរ។



មនុស្សរាប់ពាន់នាក់បានស្លាប់ចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយប្រហារនៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីការដួលរលំ​នៃ​បទឈប់បាញ់ដ៏ផុយស្រួយមួយដែលបានអូសបន្លាយរយៈពេលពីរខែ។

យោធាអ៊ីស្រាអែលបានប្រកាសបើកការវាយលុកថ្មីមួយឈ្មោះ «ប្រតិបត្តិការរទេះសេះរបស់ Gideon» នៅព្រឹកថ្ងៃសៅរ៍ ចំពេលរលកនៃការវាយប្រហារដ៏សាហាវ​នៅហ្គាហ្សា។ យ៉ាងហោចណាស់មនុស្ស ៣០០ នាក់បានស្លាប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ដែលរួមមាននៅមន្ទីរពេទ្យ និងជំរុំជនភៀសខ្លួននៅភាគខាងជើង និងខាងត្បូងនៃតំបន់ហ្គាហ្សា៕