អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការដីគោកទ្រង់ទ្រាយធំនៅហ្គាហ្សាកាលពីថ្ងៃអាទិត្យ បន្ថែមលើយុទ្ធនាការអាកាសដ៏ខ្លាំងក្លាមួយ។ មន្ត្រីសុខាភិបាលនៅតំបន់នោះនិយាយថា ប្រតិបត្តិការ​នេះ​បានសម្លាប់មនុស្សជាង ១០០ នាក់ក្នុងមួយយប់ និងបានបិទមន្ទីរពេទ្យដែលនៅសេសសល់ចុងក្រោយនៅភាគខាងជើងនៃហ្គាហ្សា។


ប្រតិបត្តិការដីគោករបស់យោធាអ៊ីស្រាអែលនៅភាគខាងជើងនិងខាងត្បូងនៃហ្គាហ្សាកើតឡើងនៅពេលដែលអន្តរជាតិអន្តរការីជំរុញឱ្យមាន​កិច្ចចរចាបទឈប់បាញ់។

ក្រុម​ហាម៉ាស និងអ៊ីស្រាអែលបានចាប់ផ្តើមកិច្ចចរចាដោយប្រយោលនៅទីក្រុង ដូហា ប្រទេស​កាតា កាលពីថ្ងៃសៅរ៍ ដោយមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស Taher Al-Nunu បានបញ្ជាក់ថា «ការចរចាដោយគ្មានលក្ខខណ្ឌ» បានចាប់ផ្តើម។


ប៉ុន្តែ ក្ដី​សង្ឃឹម​មាន​តិច​តួច​ណាស់ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​បញ្ចប់​សង្គ្រាម។ អ៊ីស្រាអែលនៅថ្ងៃអាទិត្យបានបង្ហាញពីភាពបើកចំហរបស់ខ្លួនក្នុងការបញ្ចប់សង្គ្រាមនៅហ្គាហ្សា ប្រសិនបើហាម៉ាសចុះចាញ់ ដែលជាសំណើមួយដែលក្រុមសកម្មប្រយុទ្ធនេះទំនងជាមិនទទួលយក។


នៅព្រឹកថ្ងៃអាទិត្យ មេដឹកនាំជាន់ខ្ពស់របស់ហាម៉ាសម្នាក់បានប្រាប់ CNN ថា ក្រុមនេះបានយល់ព្រមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចន្លោះពី ៧ ទៅ ៩ នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ និងការដោះលែងអ្នកទោសនិងអ្នកជាប់ឃុំប៉ាឡេស្ទីនចំនួន ៣០០ នាក់។


ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក មេដឹកនាំជាន់ខ្ពស់របស់ហាម៉ាសម្នាក់ទៀត គឺ​លោក​ Sami Abu Zuhri បានបដិសេធ​លើ​ការ​លើក​ឡើង​បែប​នេះ​ ដោយបានបង្ហោះសេចក្តីថ្លែងការណ៍មួយនៅលើ Telegram របស់ទូរទស្សន៍ Al-Aqsa ដែលគ្រប់គ្រងដោយហាម៉ាសថា៖ «មិនមានការពិតទេចំពោះពាក្យចចាមអារ៉ាមទាក់ទងនឹងការយល់ព្រមរបស់ចលនានេះក្នុងការដោះលែងអ្នកទោសអ៊ីស្រាអែល ៩ នាក់ ជាថ្នូរនឹងបទឈប់បាញ់រយៈពេលពីរខៃ​នោះ​ទេ»។

លោកបន្តទៀតថា៖ «យើងត្រៀមខ្លួនដោះលែងអ្នកទោសទាំងអស់ក្នុងពេលតែមួយ ប្រសិនបើកម្លាំងកាន់កាប់ (អ៊ីស្រាអែល) ប្តេជ្ញាបញ្ចប់អរិភាព​ដោយ​មាន​ការធានា​ពី​អន្តរជាតិ ហើយយើងនឹងមិនប្រគល់អ្នកទោសរបស់អ៊ីស្រាអែល​នោះទេ ដរាបណាអ៊ីស្រាអែល​នៅតែបន្តការឈ្លានពានលើហ្គាហ្សាដោយគ្មានដែន​កំណត់»។

អង្គការសហប្រជាជាតិ និងអង្គការផ្ដល់​ជំនួយធំៗកំពុងបង្ហាញ​សញ្ញាអាសន្នអំពីការវាយលុកថ្មីរបស់អ៊ីស្រាអែលនៅហ្គាហ្សា ដោយនិយាយថា គឺ​ជនស៊ីវិល​ទេ​ជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីការវាយប្រហារនេះ។

មនុស្សជាង ៣០០ នាក់ត្រូវបានសម្លាប់ និងជាង ១០០០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសយ៉ាងខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាម​ទិន្នន័យរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនសប្តាហ៍នេះ។

មាន​ករណី​មួយ​ដែល​គ្រួសារទាំងមូលត្រូវបានសម្លាប់នៅពេលកំពុងសម្រាក​លង់លក់​ជាមួយគ្នា។ នេះបើយោងតាមក្រសួងសុខាភិបាល៕ CNN