
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រឈមមុខនឹងប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa កាលពីថ្ងៃពុធជាមួយនឹងការអះអាងមិនពិតអំពីការប្រល័យពូជសាសន៍ជនស្បែកស និងការរឹបអូសយកដី ក្នុងអំឡុងពេលកិច្ចប្រជុំនៅសេតវិមានដែលពោរពេញទៅដោយភាពតានតឹង។
ភាពតានតឹងនៅសេតវិមាននេះ បានធ្វើឲ្យគេនឹកឃើញដល់ជំនួបរស់លោក ត្រាំ ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីខែកុម្ភៈ។
អាហ្រ្វិកខាងត្បូងជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀតដែលមានអត្រាឃាតកម្មខ្ពស់បំផុតមួយនៅក្នុងពិភពលោក ដែលជនរងគ្រោះភាគច្រើនលើសលប់គឺជាជនជាតិស្បែកខ្មៅ។
លោក Ramaphosa សង្ឃឹមថានឹងប្រើប្រាស់កិច្ចប្រជុំនេះដើម្បីស្តារឡើងវិញនូវទំនាក់ទំនងរបស់ប្រទេសលោកជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីលោក ត្រាំ បានលុបចោលជំនួយសំខាន់ៗនៅអាហ្វ្រិកខាងត្បូង, ផ្តល់ជម្រកដល់ជនជាតិភាគតិចស្បែកស Afrikaners, បណ្តេញឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងចេញ និងរិះគន់សំណុំរឿងរបស់តុលាការពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែល។
ប្រធានាធិបតីអាហ្រ្វិកខាងត្បូងបានមកដល់ដោយរៀបចំខ្លួនសម្រាប់ការទទួលស្វាគមន៍រួចជាស្រេច ជាមួយនឹងការនាំយកកីឡាករវាយកូនហ្គោលជនជាតិស្បែកសអាហ្វ្រិកខាងត្បូងដ៏ពេញនិយមដែលជាផ្នែកមួយនៃគណៈប្រតិភូរបស់លោក ហើយនិយាយថាលោកចង់ពិភាក្សាអំពីពាណិជ្ជកម្មជាមួយលោក ត្រាំ។
សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់អាហ្រ្វិកខាងត្បូង ហើយប្រទេសនេះកំពុងប្រឈមមុខនឹងការយកពន្ធ ៣០% ក្រោមការផ្អាកពន្ធនាំចូលនាពេលបច្ចុប្បន្នរបស់លោក ត្រាំ។
ប៉ុន្តែ នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើង លោក ត្រាំ បានបញ្ចេញសកម្មភាពភាពវាយប្រហារភ្លាមៗ ដោយលោកបានបញ្ចេញបញ្ជីបញ្ហាខ្លះៗអំពីការប្រព្រឹត្តទៅលើជនជាតិអាហ្វ្រិកខាងត្បូងស្បែកស ហើយបានបន្ថែមដោយការចាក់វីដេអូ និងធ្វើការបង្ហាញអត្ថបទព័ត៌មានដែលបានបោះពុម្ពជាច្រើនសន្លឹក ដែលលោក ត្រាំ អះអាងថាជាភស្តុតាងបញ្ជាក់ចំពោះការចោទប្រកាន់របស់លោកទៅលើអាហ្រ្វិកខាងត្បូងពីការប្រល័យពូជសាសន៍ទៅលើជនជាតិស្បែកស។
ជាមួយនឹងការបិទភ្លើងតាមការស្នើសុំរបស់លោក ត្រាំ វីដេអូដែលបានចាក់នៅលើកញ្ចក់ទូរទស្សន៍បានបង្ហាញឈើឆ្កាងពណ៌ស ដែលលោក ត្រាំ អះអាងថាជាផ្នូររបស់មនុស្សស្បែកស ដែលត្រូវបានដុតដោយមេដឹកនាំបក្សប្រឆាំង។
វីដេអូនេះត្រូវបានធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ២០២០ ក្នុងអំឡុងពេលតវ៉ាបន្ទាប់ពីមនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងកសិដ្ឋានរបស់ពួកគេ។
លោក ត្រាំ បាននិយាយថា៖ «យើងមានមនុស្សជាច្រើនដែលមានអារម្មណ៍ថាពួកគេត្រូវបានធ្វើទុក្ខបុកម្នេញ និងធ្វើការរើសអើង ហើយពួកគេកំពុងស្វែងរកវិធីដើម្បីមកសហរដ្ឋអាមេរិក យើងទទួលយកមនុស្សជាច្រើនមកពីទីតាំងច្រើន ដូច្នេះយើងមានអារម្មណ៍ថាមានការបៀតបៀន ឬអំពើប្រល័យពូជសាសន៍កើតឡើង ដោយសំដៅជាពិសេសទៅលើកសិករស្បែកស»។
លោក ត្រាំ បានបន្ថែមថា៖ «ប្រជាជនកំពុងភៀសខ្លួនពីអាហ្វ្រិកខាងត្បូងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ដីធ្លីរបស់ពួកគេកំពុងត្រូវបានរឹបអូស ហើយក្នុងករណីជាច្រើន ពួកគេត្រូវបានសម្លាប់ផងដែរ»។
អាហ្រ្វិកខាងត្បូងធ្លាប់បានស៊ូទ្រាំនឹងការរើសអើងដ៏ធ្ងន់ធ្ងរទៅលើជនជាតិស្បែកខ្មៅអស់ជាច្រើនសតវត្សរ៍ក្នុងអំឡុងពេលអាណានិគមនិយម និងការរើសអើងជាតិសាសន៍ មុនពេលក្លាយជាប្រទេសលទ្ធិប្រជាធិបតេយ្យពហុបក្សក្នុងឆ្នាំ១៩៩៤ ក្រោមការដឹកនាំរបស់លោក Nelson Mandela។ ប្រទេសនេះបានច្រានចោលការចោទប្រកាន់របស់លោក ត្រាំ ម្ដងហើយម្ដងទៀត។
ប៉ូលិសអាហ្រ្វិកខាងត្បូងបានកត់ត្រាឃាតកម្មចំនួន ២៦២៣២ករណី នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៤ ដោយមាន ៤៤ករណីពាក់ព័ន្ធនឹងសហគមន៍កសិកម្ម ក្នុងនោះជនរងគ្រោះ៨នាក់ជាកសិករ។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Ramaphosa ដែលអង្គុយនៅលើកៅអីក្បែរលោក ត្រាំ បានពង្រឹងជំហរយ៉ាងមាំមួន នឹងធ្វើការបដិសេធចំពោះការអះអាង និងការចោទប្រកាន់ពីលោក ត្រាំ។
លោក Ramaphosa បានលើកឡើងថា «ប្រសិនបើមានការប្រល័យពូជសាសន៍កសិករជនជាតិស្បែកស Afrikaner មែននោះ ខ្ញុំអាចភ្នាល់អ្នកបាន សុភាពបុរសទាំងបីនេះនឹងមិននៅទីនេះទេ» ដោយលោក Ramaphosa បាននិយាយសំដៅលើកីឡាករវាយកូនហ្គោល Ernie Els Retief Goosen និងមហាសេដ្ឋី Johann Rupert ស្បែកសទាំងអស់ដែលមានវត្តមាននៅក្នុងបន្ទប់នោះ។
ការឆ្លើយតបនេះមិនបានធ្វើអោយលោក ត្រាំ ពេញចិត្តនោះទេ ដោយលោក ត្រាំ បាននិយាយថា «យើងនៅមានរឿងរាប់ពាន់និយាយអំពីវា ហើយយើងមានភាពយន្តឯកសារ និងព័ត៌មានជាច្រើនទឿត វាត្រូវតែមានការឆ្លើយតបដែលប្រសើរជាងនេះ»៕ រ៉យទ័រ