
លោក ត្រាំ កាន់គំរូកាតមាសដែលមានតម្លៃ ៥លានដុល្លារ។ AFP
ចាប់ពីសប្ដាហ៍ក្រោយ ជនបរទេសដែលមានទឹកប្រាក់ ៥ លានដុល្លារនឹងអាចចុះឈ្មោះសម្រាប់ទិដ្ឋាការ «កាតមាស» ដែលនឹងផ្តល់សិទ្ធិឱ្យពួកគេរស់នៅ និងធ្វើការជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick។
លោក Lutnick បាននិយាយនៅឯព្រឹត្តិការណ៍ «កសាងអនាគត» របស់សារព័មាន Axios នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធថា៖ «ខ្ញុំរំពឹងថានឹងមានគេហទំព័រមួយឈ្មោះ Trump card dot gov ដំណើរការក្នុងរយៈពេលប្រហែលមួយសប្តាហ៍ទៀត។ ព័ត៌មានលម្អិតនឹងត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីដាក់ដំណើរការ ប៉ុន្តែគេអាចចាប់ផ្តើមចុះឈ្មោះបានហើយ»។
លោក Lutnick បាននិយាយថា កាតនេះនឹងជំនួសកម្មវិធីទិដ្ឋាការវិនិយោគជនអន្តោប្រវេសន៍ EB-5 របស់រដ្ឋាភិបាល ដែលផ្តល់ Green Card ដល់ជនអន្តោប្រវេសន៍ដែលវិនិយោគ ១,៨ លានដុល្លារនៅសហរដ្ឋអាមេរិក ឬ ៩០០,០០០ ដុល្លារនៅតំបន់ដែលមានការលំបាកផ្នែកសេដ្ឋកិច្ច។
លោក Lutnick បានបង្ហាញថា មានមនុស្សជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីទិដ្ឋាការថ្មីនេះ ដោយនិយាយថា នៅក្នុងដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាកាលពីពេលថ្មីៗនេះ លោកបានចាប់ផ្តើម «លក់» កាតនេះរួចហើយ។
កម្មវិធីទិដ្ឋាការ «កាតមាស» ថ្មីនេះត្រូវបានស្នើឡើងជាលើកដំបូងនៅខែកុម្ភៈដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកច្បាប់អន្តោប្រវេសន៍បានលើកឡើងថា ការបង្កើតទិដ្ឋាការថ្មីនេះតម្រូវឱ្យមានការយល់ព្រមពីសភា។
លោក Lutnick បាននិយាយថា កម្មវិធី «កាតមាស« នេះអាចជួយសងបំណុលសហព័ន្ធអាមេរិក ដែលបច្ចុប្បន្នមានចំនួនជាង ៣៦ ទ្រីលានដុល្លារ។
លោកនិយាយថា៖ «អ្នកដែលទិញកាតនេះគឺជាមនុស្សឆ្នើមដែលនឹងនាំមកនូវអាជីវកម្ម និងឱកាសឱ្យអាមេរិក ហើយពួកគេនឹងបង់ប្រាក់ ៥ លានដុល្លារ។ ប្រសិនបើមានមនុស្ស ២០ម៉ឺន នាក់បង់ប្រាក់ នោះគឺយើងបានប្រាក់ ១ ទ្រីលានដុល្លាររួចទៅហើយ។ វាអាចទូទាត់បានអ្វីៗគ្រប់យ៉ាង»៕