
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ថាការបាញ់សម្លាប់បុគ្គលិកស្ថានទូតវ័យក្មេងពីរនាក់នៅឯសារមន្ទីរជនជាតិជ្វីហ្វក្នុងរដ្ឋធានីវ៉ាស៊ីនតោន គឺជារឿងមួយដ៏គួរឱ្យរន្ធត់ និងស្អប់ខ្ពើម ដែលបង្ករឡើងដោយពួកជ្រុលនិយមដែលបានផ្ទុះឡើងនៅជុំវិញពិភពលោក រាប់ចាប់តាំងពីការវាយប្រហារដែលដឹកនាំដោយក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
ប៉ូលិសក្រុងវ៉ាស៊ីនតោនបានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលអះអាងថាជាអ្នកគាំទ្រប៉ាឡេស្ទីន មុនពេលបាញ់សម្លាប់លោក Yaron Lischinsky អ្នកស្រាវជ្រាវនៅស្ថានទូតអ៊ីស្រាអែល និងកញ្ញា Sarah Milgrim ជំនួយការរដ្ឋបាល។
លោក Netanyahu បានចាត់ទុកការសម្លាប់នេះថាជា «ទង្វើដ៏គួរឱ្យស្អប់ខ្ពើមរបស់ពួកប្រឆាំងនិយម»ហើយបានភ្ជាប់ការបាញ់ប្រហារនេះថាមានទំនាក់ទំនងយ៉ាងច្បាស់ទៅនឹងបញ្ហាដែលកំពុងប្រឈមមុខជុំវិញសង្រ្គាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។
គួរឲ្យដឹងផងដែរថា សង្គ្រាមអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឲ្យមានការតវ៉ាជុំវិញពិភពលោក រហូតដល់ការចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ។
លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្រមាថប្រឆាំងនឹងអ៊ីស្រាអែលដោយការបង្ហូរឈាម គឺត្រូវតែប្រយុទ្ធប្រឆាំងឱ្យអស់ពីសមត្ថភាព»។
លោក Netanyahu ខ្លួនឯងផ្ទាល់ក៏កំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទអំពើប្រល័យពូជសាសន៍ ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម នៅតំបន់ហ្គាហ្សាផងដែរ។
សម្រាប់ការចាប់ផ្តើមសង្គ្រាម អ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានរងការស្តីបន្ទោសចំពោះការវាយប្រហារទៅលើសហគមន៍អ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សាស្ទ្រីបក្នុងឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងបានចាប់ពង្រត់មនុស្ស ២៥១នាក់ធ្វើជាចំណាប់ខ្មាំងចូលទៅក្នុងទឹកដីហ្គាហ្សា។
លោក Netanyahu បានប្ដេជ្ញាថានឹងបន្តធ្វើសង្រ្គាមរហូតដល់ជ័យជម្នះលើក្រុម Hamas ហើយការបាញ់សម្លាប់បុគ្គលិកស្ថានទូតវ៉ាស៊ីនតោន មិនមានសញ្ញាបង្ហាញពីការប៉ះពាល់ដល់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៥៣០០០នាក់ និងបានបំផ្លិចបំផ្លាញតំបន់ ហ្សាស្ទ្រីបនោះទេ៕