ការវាយប្រហារដោយយោធាអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣០នាក់នៅទូទាំងតំបន់ Gaza Strip កាលពីថ្ងៃអាទិត្យ រួមទាំងមន្ត្រីសេវាសង្គ្រោះបន្ទាន់ជាន់ខ្ពស់ និងអ្នកកាសែតម្នាក់ផងដែរ។ នេះ​បើ​តាម​អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា​។


ក្រុមគ្រូពេទ្យបាននិយាយថា ការស្លាប់ចុងក្រោយបង្អស់​កើត​ឡើង​ពីការវាយប្រហារដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែលទៅលើ​ចំនួន​​ ៣ គឺនៅ Khan Younis ភាគខាងត្បូង Jabalia ភាគខាងជើង និង Nuseirat នៅកណ្តាល Gaza Strip ។

ពួកគេបាននិយាយថា នៅ​តំបន់​ Jabalia អ្នកកាសែតក្នុងស្រុក​ឈ្មោះ​ Hassan Majdi Abu Warda និងសមាជិកគ្រួសារជាច្រើននាក់ទៀតត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសទៅលើផ្ទះរបស់ពួកគេកាលពីព្រឹកថ្ងៃអាទិត្យ។


ការវាយប្រហារតាមអាកាសមួយទៀតនៅ Nuseirat បានសម្លាប់លោក​ Ashraf Abu Nar ដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រុម​សេវាសង្គ្រោះបន្ទាន់ស៊ីវិលប្រចាំតំបន់ និងប្រពន្ធរបស់គាត់នៅក្នុងផ្ទះរបស់ពួកគេ។


ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការស្លាប់របស់លោក Abu Warda បានបង្កើនចំនួនអ្នកកាសែតប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅហ្គាហ្សាដល់ ២២០នាក់ ចាប់តាំងពីខែតុលាឆ្នាំ២០២៣។


យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេ​បញ្ជាការ​ Eyal Zamir បានទៅលេងកងទ័ពនៅ​តំបន់​ Khan Younis កាលពីថ្ងៃអាទិត្យ ដោយបានប្រាប់ពួកគេថា៖ «នេះ​មិនមែនជាសង្គ្រាម​ដែល​គ្មានទីបញ្ចប់ទេ ហើយថាក្រុមហាម៉ាស់បានបាត់បង់ទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួន រួមទាំងការបញ្ជា និងការគ្រប់គ្រង​ផង​ដែរ»។

លោក Zamir ​បាន​លើក​ឡើងបន្ថែមទៀត​ថា​៖ «​យើង​នឹងប្រើប្រាស់គ្រប់​ឧបករណ៍​ និងសមត្ថភាពទាំងអស់ដែលយើងមាន ដើម្បី​កម្ចាត់ក្រុមហាម៉ាស និងបំផ្លាញ់អំណាចរបស់ពួកគេចោ​ឱ្យ​អស់»។​

នៅថ្ងៃអាទិត្យដដែល​ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិករបស់ខ្លួនពីរនាក់គឺលោក​ Ibrahim Eid និង​លោក​ Ahmad Abu Hilal ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយនៅ Khan Younis កាលពីថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍របស់ ICRC បាន​បន្ថែមថា៖ «ការសម្លាប់របស់ពួកគេទៅលើជនស៊ីវិលនៅតំបន់ Gaza គឺជារឿងដែលមិនអាចអត់ឱនឱ្យបាន។ ICRC បានបន្តអំពាវនាវឲ្យមានការបញ្ឈប់បាញ់បោះជាបន្ទាន់ និងធ្វើការគោរពដល់ការការពារប្រជាពលរដ្ធ រួមទាំងបុគ្គលិកសុខាភិបាល បុគ្គលិកសង្គ្រោមនុស្សធម៌ និងបុគ្គលិកការពារបុគ្គលិកការពារស៊ីវិល»។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានគ្រប់គ្រង ៧៧ភាគរយ​ នៃតំបន់ Gaza Strip៕