
លោក ដូណាល់ ត្រាំ នៅក្នុងការិយាល័យនៅសេតវិមាន។
កូរ៉េខាងជើងបានរិះគន់ផែនការផលិតប្រព័ន្ធខែលការពារមីស៊ីល «Golden Dome» ដ៏ទំនើបរបស់សហរដ្ឋអាមេរិក ដោយនិយាយថាវាអាច «ប្រែក្លាយលំហអាកាសទៅជាសមរភូមិនុយក្លេអ៊ែរ»។
ប្រព័ន្ធការពារមីស៊ីល Golden Dome ដែលប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងបង្ហាញនៅចុងបញ្ចប់នៃអាណត្តិរបស់លោក ត្រូវបានលោក ត្រាំ លើកឡើងកាលពីសប្ដាហ៍មុន ដោយលោកថា ប្រព័ន្ធនេះធ្វើឡើងក្នុងគោលបំណងទប់ទល់នឹងការគំរាមកំហែងតាមអាកាស នៅ «ជំនាន់ក្រោយ» រួមទាំងមីស៊ីលផ្លោង និងមីស៊ីលឆ្លងទ្វីប។
ក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាងបានរិះគន់ផែនការនេះថាជា «ភាពអយុត្តិធម៌កម្រិតខ្ពស់ និងភាពក្រអឺតក្រទម»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
កូរ៉េខាងជើងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា «ខំប្រឹងប្រែង... ដើម្បីប្រែក្លាយលំហអាកាសក្លាយជារឿងយោធា» និងបានព្រមានថាផែនការនេះអាចជំរុញឱ្យមាន «ការប្រណាំងប្រជែងសព្វាវុធនុយក្លេអ៊ែរ និងសព្វាវុធដែនអាកាសជាសកល»។
កូរ៉េខាងជើងចាត់ទុកទីក្រុងវ៉ាស៊ីនតោនជាសត្រូវ ហើយតែងតែថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
នៅឆ្នាំ២០២២ កូរ៉េខាងជើងបានអនុម័តច្បាប់របស់ខ្លួន ដោយោប្រកាសប្រទេសនេះជារដ្ឋអាវុធនុយក្លេអ៊ែរ ហើយបានធ្វើតេស្តមីស៊ីលផ្លោង និងមីស៊ីលឆ្លងទ្វីបជាច្រើនប្រភេទក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានក្រោយពេលមន្ត្រិចិនបានរិះគន់ផែនការរបស់សហរដ្ឋអាមេរិក។ ទីក្រុងប៉េកាំងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួន «មានការព្រួយបារម្ភយ៉ាងខ្លាំង» អំពីប្រព័ន្ធការពារមីស៊ីល Golden Dome ជាអ្វីដែលខ្លួនចាត់ទុកថាមាន «ផលប៉ះពាល់ដ៏ខ្លាំងក្លា»។
ក្រសួងការបរទេសចិនបាននិថ្លែងថា «សហរដ្ឋអាមេរិកបានគិតគូរខ្លាំងលើការស្វែងរកសន្តិសុខដាច់ខាតសម្រាប់ខ្លួនឯង តាមរយៈការបន្តនយោបាយ អាមេរិកជាធំ។ ការធ្វើបែបនេះរំលោភលើគោលការណ៍ដែលថាសន្តិសុខរបស់ប្រទេសទាំងអស់មិនគួរត្រូវបានសម្របសម្រួលនោះទេ ហើយសកម្មភាពរបស់សហរដ្ឋអាមេរិកធ្វើឱ្យប៉ះពាល់ដល់តុល្យភាព និងស្ថិរភាពយុទ្ធសាស្ត្រសកល»។
លោក ត្រាំ គ្រោងចំណាយប្រាក់ដំបូងចំនួន ២៥ ពាន់លានដុល្លារ សម្រាប់ផលិត Golden Dome ប៉ុន្តែ រដ្ឋាភិបាលបានប៉ាន់ស្មានថា ការចំណាយសរុបអាចមានរហូតដល់ ២០ ដងនៃចំនួននេះដើម្បីបន្តអភិវឌ្ឍប្រព័ន្ធនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍តទៅមុខទៀត៕