
រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់ Johann Wadephul បានគំរាមចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ដោយបាននិយាយថាទីក្រុងប៊ែរឡាំងនឹងមិននាំចេញអាវុធដើម្បីឲ្យអ៊ីស្រាអែលប្រើបំពានច្បាប់មនុស្សធម៌នោះទេ។
លោក Johann Wadephul និងអធិការបតីអាឡឺម៉ង់ Friedrich Merz បានធ្វើការស្តីបន្ទោសយ៉ាងខ្លាំងទៅលើសង្គ្រាមដែលកំពុងកើតឡើងនៅហ្គាហ្សា។
អាឡឺម៉ង់ រួមជាមួយនឹងសហរដ្ឋអាមេរិក បានគាំទ្រការប្រព្រឹត្តរបស់អ៊ីស្រាអែលតាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ពីក្រុមហាម៉ាស់ ទោះបីជាអ៊ីស្រាអែលគ្មានការគាំទ្រពីអន្តរជាតិក៏ដោយ។ ការផ្លាស់ប្តូរជំហរនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុបកំពុងពិនិត្យមើលគោលនយោបាយរបស់អ៊ីស្រាអែលឡើងវិញ ហើយចក្រភពអង់គ្លេស បារាំង និងកាណាដាក៏បានគំរាមប្រឆាំងនិងសកម្មភាពដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សាផងដែរ។
ថ្លែងទៅកាន់ទូរទស្សន៍ WDR រដ្ឋមន្ត្រីការបរទេស Johann Wadephul បានព្រមានថា ការគាំទ្រជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់សម្រាប់អ៊ីស្រាអែល គឺមិនត្រូវមានអាវុធ ឬការវាយប្រហារតាមអាកាសទេ ការខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យនៅហ្គាហ្សាគឺជាស្ថានភាពដែលមិនអាចទទួលយកបាន។
អធិការបតី Merz បានរិះគន់ការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សាថា មិនសមហេតុផលទៀតទេក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់ ហើយថា លោកមិនអាចយល់បានទៀតទេ។
ទោះបីមិនមែនជាការបែកបាក់ទំនាក់ទំនងទាំងស្រុងក៏ដោយ ការប្រែប្រួលសំឡេងនយោបាយនេះគឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ប្រទេសដែលមានមេដឹកនាំគោរពតាមគោលនយោបាយរបស់អ៊ីស្រាអែល ដែលគេហៅថា Staatsräson ដោយសារតែប្រវត្តិសាស្ត្រនៃការប្រល័យពូជសាសន៍របស់ជនជាតិជ្វីស ក្នុងសម័យណាស៊ី។
វាក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងទូលំទូលាយនៅក្នុងមតិសាធារណៈរបស់អាល្លឺម៉ង់ផងដែរ។
លោក Wadephul បាននិយាយថា៖ «ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកអ៊ីស្រាអែល និងការគាំទ្រយ៉ាងពេញទំហឹងរបស់យើងចំពោះសិទ្ធិរស់រាន និងសន្តិសុខនៃរដ្ឋអ៊ីស្រាអែល មិនត្រូវក្លាយជាឧបករណ៍សម្រាប់បង្ករជម្លោះ និងសង្រ្គាមដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សាទេ។ ឥឡូវនេះយើងស្ថិតនៅចំណុចមួយដែលយើងត្រូវគិតគូរឲ្យបានហ្មត់ចត់អំពីអ្វីដែលត្រូវចាត់វិធានការបន្ថែមទៀត»។
លោកបានបន្ថែមទៀតថា៖ «កន្លែងណាដែលយើងឃើញមានគ្រោះថ្នាក់ យើងនឹងធ្វើអន្តរាគមន៍ ហើយប្រាកដណាស់ថាយើងនឹងមិនផ្គត់ផ្គង់សព្វាវុធទេ ដូច្នេះវានឹងមិនមានគ្រោះមហន្តរាយបន្ថែមទៀតទេ។ បច្ចុប្បន្ននេះមិនមានការពិចារណាលើការបញ្ជាទិញអាវុធថ្មីឡើយ»។
ការផ្លាស់ប្តូរជំហររបស់រដ្ឋាភិបាលកើតឡើងបន្ទាប់ពីមានការអំពាវនាវពីដៃគូរដ្ឋាភិបាលគឺគណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) ឲ្យបញ្ឈប់ការនាំចេញអាវុធទៅអ៊ីស្រាអែល បើមិនដូច្នេះទេ វានាំឲ្យអាល្លឺម៉ង់ពាក់ព័ន្ធទៅនឹងបទល្មើសនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម៕