
និស្សិតបង្ហាញការគាំទ្រចំពោះសាកលវិទ្យាល័យ Harvard។ AFP
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងកហូតទិដ្ឋាការពីនិស្សិតចិនដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ហើយក្រសួងការបរទេសអាមេរិកអះអាងថា គោលនយោបាយទិដ្ឋាការគឺជាគោលការណ៍អាមេរិកជាចម្បង មិនមែនសម្រាប់ចិននោះទេ។
រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កការដកទិដ្ឋាការនេះនឹងរួមបញ្ចូលអ្នកដែលមានទំនាក់ទំនងជាមួយគណបក្សកុម្មុយនិស្តចិន ឬកំពុងសិក្សានៅក្នុងវិស័យសំខាន់ៗ។
លក្ខណៈវិនិច្ឆ័យទិដ្ឋាការនឹងត្រូវបានពិនិត្យឡើងវិញដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងហ្មត់ចត់ចំពោះពាក្យសុំទិដ្ឋាការពីនិស្សិតចិន និងហុងកុងនាពេលអនាគត។
ទំនាក់ទំនងរវាងប៉េកាំង និងវ៉ាស៊ីនតោន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលសង្រ្គាមពាណិជ្ជកម្មបានផ្ទុះឡើងរវាងប្រទេសមហាអំណាចទាំងពីរ ដែលបង្កឡើងដោយពន្ធគយរបស់លោក ត្រាំ។
កាលពីថ្ងៃចន្ទ លោក Marco Rubio ដែលជាមន្ត្រីជាន់ខ្ពស់របស់អាមេរិកបានបញ្ជារឱ្យស្ថានទូតអាមេរិកនៅជុំវិញពិភពលោក បញ្ឈប់ការកំណត់ពេលវេលាសម្រាប់ការណាត់ជួបសុំទិដ្ឋាការនិស្សិត ខណៈដែលក្រសួងការបរទេសកំពុងរៀបចំពង្រីកការពិនិត្យមើលតាមប្រព័ន្ធផ្សព្វផ្សាយសង្គមលើបេក្ខជនទាំងអស់នោះ។
និស្សិតចិនត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែល ២៨ម៉ឺននាក់ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
ទោះបីជានិស្សិតចិនធ្លាប់ជាក្រុមនិស្សិតអន្តរជាតិដែលមានចំនួនច្រើនជាងគេនៅសាកលវិទ្យាល័យអាមេរិកក៏ដោយ ចំនួននេះបានផ្លាស់ប្តូរនាពេលថ្មីៗនេះ។ យោងតាមទិន្នន័យរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឱ្យដឹងថា ចាប់តាំងពីការរឹតបន្តឹងនាសម័យរាតត្បាតកូវីដ រហូតដល់ទំនាក់ទំនងកាន់តែអាក្រក់រវាងប្រទេសទាំងពីរ ចំនួននិស្សិតចិនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ លោក Rubio បាននិយាយថា៖ «ក្រោមការដឹកនាំរបស់ប្រធានាធិបតី ត្រាំ ក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងសហការជាមួយក្រសួងសន្តិសុខមាតុភូមិដើម្បីលុបចោលទិដ្ឋាការរបស់និស្សិតចិន រួមមានអ្នកដែលមានទំនាក់ទំនងជាមួយបក្សកុម្មុយនិស្តចិន ឬកំពុងសិក្សានៅក្នុងវិស័យសំខាន់ៗ»។
លោកបន្តថា៖ «យើងនឹងពិនិត្យលក្ខណៈទិដ្ឋាការឡើងវិញទាំងអស់ដើម្បីបង្កើនការត្រួតពិនិត្យយ៉ាងហ្មត់ចត់ចំពោះពាក្យសុំទិដ្ឋាការ នាពេលអនាគត ពីសាធារណរដ្ឋប្រជាមានិតចិន និងហុងកុង»។
គួរឲ្យដឹងផងដែរថា រដ្ឋបាលរបស់លោក ត្រាំ បានដំណើរការដកហូតទិដ្ឋាការ និងនិរទេសនិស្សិតរាប់ពាន់នាក់រួចហើយ ប៉ុន្តែសកម្មភាពអស់ទាំងនេះកំពុងត្រូវបានទប់ស្កាត់ដោយតុលាការ។
រដ្ឋាភិបាលអាមេរិកក៏បានបង្កកប្រាក់រាប់រយលានដុល្លារក្នុងការផ្តល់មូលនិធិសម្រាប់សាកលវិទ្យាល័យល្បីៗ ដូចជា សាកលវិទ្យាល័យ Harvard ជាដើម ដែលលោក ត្រាំ បានចោទប្រកាន់ថា សាលាមានលក្ខណៈសេរី មិនបានទប់ស្កាត់ការបង្រាបសិស្សនិស្សិតដែលធ្វើយុទ្ធនាការប្រឆាំងនិយមនៅក្នុងបរិវេណសាលា។
សាកលវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិកពឹងផ្អែកលើនិស្សិតបរទេសដែលជាប្រាក់ចំណូលដ៏សំខាន់ ដោយសារតែសិស្សនិស្សិតទាំងនោះហ៊ានចំណាយលើការបង់ថ្លៃសិក្សាខ្ពស់។
និស្សិតអន្តរជាតិនៅអាមេរិកជាច្រើនកំពុងមានការពិបាកចិត្តលើការប្រកាសពីការបញ្ឈប់ការណាត់ជួបសម្ភាសសុំទិដ្ឋាការពីររដ្ឋាភិបាល ដោយពួកគេភ័យខ្លាចថា ពួកគេមិនអាចបញ្ចប់ការសិក្សា ឬទទួលបានសញ្ញាប័ត្របន្ទាប់ពីការខិតខំសិក្សារបស់ពួកគេ៕