
លោក Elon Musk កំពុងចាកចេញពីតួនាទីនៅក្នុងរដ្ឋាភិបាលក្នុងនាមជាទីប្រឹក្សាកំពូលរបស់ប្រធានាធិបតី ដួណាល់ ត្រាំ បន្ទាប់ពីបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយចំណាយ និងជួយកែលម្អប្រព័ន្ធការិយាធិបតេយ្យសហព័ន្ធ។
ការចាកចេញរបស់លោក ត្រូវបានប្រកាសកាលពីល្ងាចថ្ងៃពុធ ដែលជាការបញ្ចប់ជំពូកដ៏ច្របូកច្របល់ដែលរួមមាន ការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ ការបណ្តេញទីភ្នាក់ងាររដ្ឋាភិបាល និងការដោះស្រាយវិវាទ។ ថ្វីបើមានការច្របូកច្របល់យ៉ាងណាក៏ដោយ មហាសេដ្ឋីរូបនេះបានតស៊ូក្នុងបរិយាកាសដែលមិនធ្លាប់មាននៅវ៉ាស៊ីនតោន ដោយលោកសម្រេចបានលទ្ធផលតិចជាងការរំពឹងទុក។
ដំបូងឡើយ លោក Elon Musk បានដាក់គោលដៅកាត់បន្ថយការចំណាយឲ្យបាន ២ ទ្រីលានដុល្លារ ប៉ុន្តែក្រោយមកបានបន្ថយមកនៅត្រឹម ១ទ្រីលានដុល្លារ ហើយចុងក្រោយបន្តបន្ទាបគោលដៅរបស់លោកមកនៅត្រឹម ១៥០ ពាន់លានដុល្លារ។ លោកបានបង្ហាញការខកចិត្តចំពោះការតស៊ូលើគោលដៅរបស់លោក ដោយពេលខ្លះប៉ះទង្គិចជាមួយសមាជិកកំពូលផ្សេងទៀតក្នុងរដ្ឋបាលរបស់លោក ត្រាំ ដែលតែងរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក។
តួនាទីរបស់លោកជាមួយរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គឺសម្រាប់រយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយថ្មីៗនេះលោកបានបង្ហាញសញ្ញាថា ពីការផ្លាស់ប្ដូរទៅយកចិត្តទុកដាក់ទៅលើដំណើរការអាជីវកម្មរបស់លោកវិញ ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុនរ៉ុក្កែត SpaceX ជាដើម។
លោកបានសរសេរនៅលើបណ្ដាញសង្គម X របស់លោកថា៖ «នៅពេលនេះ ពេលវេលាដែលខ្ញុំបានកំណត់ថាជាបុគ្គលិករដ្ឋាភិបាលពិសេសជិតដល់ទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ឱកាសក្នុងការកាត់បន្ថយការចំណាយខ្ជះខ្ជាយ។បេសកកម្ម DOGE នឹងកាន់តែរឹងមាំទៅតាមពេលវេលា នៅពេលដែលវាក្លាយជារបៀបនៃការរស់នៅ សម្រាប់រដ្ឋាភិបាលទាំងមូល»៕ AP