
រថក្រោះរបស់ទាហានអ៊ីស្រាអែលនៅព្រំដែនរវាងអ៊ីស្រាអែល និង ហ្គាហ្សា កាលពីថ្ងៃព្រហស្បតិ៍។ AFP
អ៊ីស្រាអែលបានទទួលយកសំណើបទឈប់បាញ់ថ្មីជាមួយក្រុមហាម៉ាស់ស្នើដោយបេសកជនអាមេរិកលោក Steve Witkoff។ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។
មន្ត្រីអ៊ីស្រាអែលបានប្រាប់បណ្តាញសារព័ត៌មានថា សំណើនេះទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងដែលនៅរស់ចំនួន ១០នាក់ និងចំណាប់ខ្មាំងដែលបានស្លាប់ចំនួន ១៨នាក់ ព្រមទាំងបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ផងដែរ។
មន្ត្រីរូបនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីការចាប់ផ្តើមការចរចាដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដែលជាការទាមទារដ៏សំខាន់របស់ក្រុមហាម៉ាស់នោះទេ ដោយខាងអ៊ីស្រាអែលបានបដិសេធមិនទទួលយក។
ទន្ទឹមនឹងនេះ ក្រុមហាម៉ាស់បាននិយាយថា «ក្របខណ្ឌចុងក្រោយបង្អស់គឺប្រទេសអ៊ីស្រាអែល មិនឆ្លើយតបទៅនឹងការទាមទារណាមួយរបស់ប្រជាជនយើង ជាពិសេសគឺការបញ្ឈប់សង្គ្រាម និងទុរ្ភិក្ស»។ នេះបើយោងតាមលោក Bassem Naim សមាជិកនៃការិយាល័យនយោបាយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់។
លោកបានបន្ថែមនៅលើ Facebook ថា៖ «ទោះជាយ៉ាងណាក្តី ថ្នាក់ដឹកនាំរបស់ចលនានេះកំពុងសិក្សាប្រកបដោយការទទួលខុសត្រូវចំពោះជាតិ អំពីការឆ្លើយតបទៅនឹងសំណើនេះ ដោយផ្អែកទៅលើអំពើប្រល័យពូជសាសន៍ ដែលប្រជាជនរបស់យើងកំពុងទទួល»។
ហាម៉ាស់បានឆ្លើយតបទៅនឹងសំណើចុងក្រោយរបស់លោក Witkoff ជាមួយនឹងលក្ខខណ្ឌចំនួនបី។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់។
ហាម៉ាស់នឹងយល់ព្រមលើការដោះលែងចំណាប់ខ្មាំង និងបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ដូចដែលបានលើកឡើងនៅក្នុងសំណើរបស់សហរដ្ឋអាមេរិក ប៉ុន្តែពួកគេចង់បានការធានារបស់សហរដ្ឋអាមេរិកថា ការចរចាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍នឹងបន្តធ្វើ ហើយការប្រយុទ្ធនឹងមិនចាប់ផ្ដើមឡើងវិញទេបន្ទាប់ពីរយៈពេល ៦០ ថ្ងៃនេះ។
ក្រុមហាម៉ាស់ចង់ឲ្យជំនួយមនុស្សធម៌ត្រូវបានអនុវត្តតាមរយៈបណ្តាញរបស់អង្គការសហប្រជាជាតិ ហើយជាចុងក្រោយ ពួកគេចង់ឱ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដកថយទៅកាន់ទីតាំងដែលពួកគេកាន់កាប់នៅថ្ងៃទី២ ខែមីនាឆ្នាំនេះ គឺទីតាំងមុនពេលដែលអ៊ីស្រាអែលបើកការវាយប្រហារជាថ្មីលើប៉ាឡេស្ទីន។
យោងតាមវេទិកាចំណាប់ខ្មាំង និងក្រុមគ្រួសារដែលបានបាត់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ក្រុមគ្រួសារចំណាប់ខ្មាំងថា លោកបានទទួលយកសំណើរបស់ Witkoff ហើយ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ អ្នកនាំពាក្យសេតវិមាន Karoline Leavitt បានបញ្ជាក់ថា៖ «ឯកអគ្គរដ្ឋទូតពិសេស Witkoff និងប្រធានាធិបតីបានដាក់សំណើឈប់បាញ់មួយទៅឲ្យក្រុមហាម៉ាស់ ក្នុងនោះដែរអ៊ីស្រាអែលបានគាំទ្រនិងសម្របសម្រួល ហើយការពិភាក្សានឹងបន្តធ្វើ»៕ CNN