លោក​ ត្រាំ បានប្រកាសថា លោក​នឹងដាក់ពន្ធ ១០០% លើភាពយន្តដែលផលិតនៅបរទេស ដែល​ជា​​ការ​បន្ថែមវិវាទពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗទូទាំងពិភពលោក។


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់​ ត្រាំ បាននិយាយថា លោក​កំពុងផ្តល់សិទ្ធិឱ្យតំណាងពាណិជ្ជកម្មអាមេរិកចាប់ផ្តើមដំណើរការដើម្បីដាក់ពន្ធ ព្រោះថា​ឧស្សាហកម្មភាពយន្តរបស់អាមេរិកកំពុងធ្លាក់ចូល​ទៅ​ក្នុងស្ថានភាព​«ស្លាប់យ៉ាងលឿនបំផុត»។

លោក​បានស្តីបន្ទោសទៅលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់បណ្តាប្រទេសផ្សេងៗទៀតដែលផ្តល់អត្ថប្រយោជន៍ដើម្បីទាក់ទាញអ្នកថតភាពយន្ត និងស្ទូឌីយោ ដែលគាត់បានពិពណ៌នាថា «ជាភាពគំរាមកំហែងដល់សន្តិសុខជាតិ»។


បន្ថែមពីលើនេះលោក ត្រាំ បានផ្ញើសារនៅលើបណ្ដាញ​សង្គម​របស់​លោក​ Truth Social ដោយបាននិយាយថា៖ «យើងចង់បានភាពយន្តដែលផលិតនៅអាមេរិកម្តងទៀត»។


គួរ​ឲ្យ​ដឹងផងដែរថា ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានក្នុងខែមករា លោក ត្រាំ បានដាក់ពន្ធលើប្រទេសជុំវិញពិភពលោក។ បានអះអាងថា ពន្ធគយ​នឹងជំរុញ​ក្រុមហ៊ុននានា​ងាក​មក​ផលិតនៅ​ក្នុងសហរដ្ឋអាមេរិក និង​បង្កើត​ការងាដល់ពលរដ្ឋរបស់ខ្លួន។ យ៉ាង​ណា​ក៏​ដោយ​ លទ្ធផល​នៃ​វិធានការ​របស់​លោក​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោកកំពុង​ធ្លាក់ចូលទៅក្នុងភាពវឹកវរ ហើយតម្លៃទំនិញជុំវិញពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើង។


មុនពេលចូលកាន់តំណែងជាប្រធានាធិបតី លោក ត្រាំ បានតែងតាំងតារាភាពយន្តបីរូបគឺ លោក Jon Voight, Mel Gibson និង Sylvester Stallone ឱ្យធ្វើជាតំណាងពិសេស ដើម្បីលើកស្ទួយឱកាសអាជីវកម្មនៅហូលីវូដ ដែលគាត់បានពិពណ៌នាថា ជាទីកន្លែងដ៏អស្ចារ្យ ប៉ុន្តែជាកន្លែងដែលមានបញ្ហាច្រើន។

ដោយក្នុងនោះលោកបានលើកឡើងថា៖​ «ពួកគេនឹងបម្រើជាតំណាងពិសេសសម្រាប់ខ្ញុំ ដើម្បីនាំយកហូលីវូដដែលបាត់បង់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះនៅ​ក្នុង​ទីផ្សារ​បរទេស និងនាំយក​មកវិញនូវ​​ជោគជ័យ និងភាពរឹងមាំជាងមុន»។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Howard Lutnick បានឆ្លើយតបចំពោះការប្រកាសជាថ្មីនេះ ដោយនិយាយថា «ពួកយើងកំពុងធ្វើការលើរឿង​នេះ»។

យោងតាមក្រុមហ៊ុនស្រាវជ្រាវឧស្សាហកម្មភាពយន្ត ProdPro បានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាមជ្ឈមណ្ឌលផលិតភាពយន្ដដ៏សំខាន់នៅទូទាំងពិភពលោក ទោះបីជាមានបញ្ហាប្រឈមច្រើនក៏ដោយ។ ឧស្សាហកម្មភាពយន្តរបស់សហរដ្ឋអាមេរិក​ក៏​បានទទួលផលប៉ះពាល់យ៉ាងខ្លាំង ពីគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ ផងដែរ។

កាល​ពី​ឆ្នាំ​២០២៤ ឧស្សាហកម្ម​ភាពយន្ត​អាមេរិក​បាន​ចំណាយ​ប្រាក់ ១៤,៥៤​ពាន់​លាន​ដុល្លារ ដែល​ធ្លាក់​ចុះ​​ ២៦​ភាគ​រយ​ធៀប​នឹង​ឆ្នាំ​២០២២៕ ប្រភព៖ BBC