ប៉ូលិស​ប្រេស៊ីល​​បាន​បញ្ឈប់​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ឯ​ការ​ប្រគំ​តន្ត្រី​របស់​ Lady Gaga ​នៅ​ឆ្នេរ​ខ្សាច់ ​Copacabana ក្នុង​ទីក្រុង Rio de Janeiro ​កាល​ពី​ថ្ងៃសៅរ៍។ ក្រុម​អ្នក​ដាក់​គ្រាប់​បែក​សារភាព​ថា​ ពួក​គេ​រៀប​ចំ​វាយ​ប្រហារ​ដើម្បី​បាន​ភាព​ល្បី​ល្បាញ​នៅ​លើ​បណ្ដាញ​សង្គម។


កម្លាំង​ប៉ូលិស​នៃ​រដ្ឋ ​Rio de Janeiro ​បាន​និយាយ​ថា ​ដោយ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ បាន​បង្ក្រាប​ក្រុម​ជន​សង្ស័យ​ដែល​បាន​ជ្រើសរើស​អ្នក​ចូលរួម​ដើម្បី​អនុវត្ត​ការ​វាយ​ប្រហារ​ដោយ​ប្រើ​គ្រឿង​ផ្ទុះ​ដែល​ពួក​គេ​បាន​បង្កើត​ដោយ​ខ្លួន​ឯង ហើយ​ផែន​ការ​វាយ​ប្រហារ​នេះ​គឺ​ក្នុង​គោល​បំណង​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​លើ​បណ្តាញ​សង្គម។

ប៉ូលិស​បាន​និយាយ​ថា អ្នក​ទទួលខុសត្រូវ​លើ​ផែន​ការ​នេះ និង​ក្មេង​ជំទង់​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ បុគ្គល​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​មេក្លោង​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​នៅ​រដ្ឋ Rio Grande do Sul ​ភាគ​ខាង​ត្បូង ចំណែក​ក្មេង​ជំទង់​ម្នាក់​​ត្រូវ​បាន​ឃុំ​ខ្លួន​ពី​បទ​រក្សា​ទុក​រូបភាព​អាសអាភាស​កុមារ​នៅ​ទីក្រុង Rio de Janeiro។



យ៉ាង​ណា​ក៏​ដោយ​ ក្រុម​ការងារ​របស់​តារា​ល្បី Lady Gaga ​បាន​និយាយ​ថា ពួក​គេ​មិន​បាន​ដឹង​ពី​ការ​គំរាម​កំហែង​ដោយ​គ្រាប់​បែក​នេះ​ទេ ទើប​តែ​បាន​ដឹង​តាម​រយៈ​សារព័ត៌មាន​នៅ​ព្រឹក​បន្ទាប់​ពី​ការ​សម្តែង។


ហ្វូង​មនុស្ស​ជាង​ ២,១ ​លាន​នាក់​បាន​ប្រមូល​ផ្តុំ​សម្រាប់​ការ​ប្រគំ​តន្ត្រី​ដែល​បើក​ឲ្យ​ចូល​រួម​ដោយ​សេរី​ និង​ឥត​គិត​ថ្លៃ។ ការ​ប្រគំ​តន្ត្រី​នេះ​រៀបចំ និង​ឧបត្ថម្ភ​ពី​រដ្ឋ​នៃ​ទីក្រុង​ក្នុង​កិច្ច​ប្រឹងប្រែង​ស្ដារ​សកម្មភាព​សេដ្ឋកិច្ច​របស់​ទីក្រុង​នេះ។ ប្រភព៖​ BBC