
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកកំពុងណែនាំរដ្ឋាភិបាលរបស់លោកឱ្យបើកដំណើរការឡើងវិញព្រមទាំងពង្រីកពន្ធនាគារ Alcatraz ដែលជាអតីតគុកដ៏ល្បីល្បាញអសោចនៅលើកោះនៃរដ្ឋកាលីហ្វ័រញ៉ា។ គុកនេះពិបាកទៅដល់ និងបានបិទជាង ៦០ ឆ្នាំមកហើយ។
លោកសរសេរនៅលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃអាទិត្យថា៖ «អស់រយៈពេលជាយូរ សហរដ្ឋអាមេរិកត្រូវបានញាំញីដោយជនឧក្រិដ្ឋដ៏សាហាវ ឃោរឃៅ និងមានបទឧក្រិដ្ឋម្តងហើយម្តងទៀត ដែលជាកាកសំណល់នៃសង្គម ដែលនឹងមិនរួមចំណែកអ្វីក្រៅពីទុក្ខវេទនា និងការឈឺចាប់។ កាលពីយើងធ្លាប់ជាប្រជាជាតិដែលធ្វើអ្វីច្បាស់លាស់កាលពីអតីតកាល យើងមិនស្ទាក់ស្ទើរក្នុងការចាក់សោរជនឧក្រិដ្ឋដ៏គ្រោះថ្នាក់បំផុត និងរក្សាពួកគេឱ្យនៅឆ្ងាយពីអ្នកដែលពួកគេអាចបង្កគ្រោះថ្នាក់។ នោះហើយជាវិធីដែលវាគួរតែធ្វើ»។
លោកបន្តថា៖ «នោះហើយជាមូលហេតុដែល នៅថ្ងៃនេះ ខ្ញុំកំពុងណែនាំការិយាល័យពន្ធនាគារ រួមជាមួយក្រសួងយុត្តិធម៌ FBI និងក្រសួងសន្តិសុខមាតុភូមិ ឱ្យបើកដំណើរការឡើងវិញនូវគុក Alcatraz ដែលនឹងត្រូវពង្រីក និងសាងសង់ឡើងវិញលើផ្នែកជាច្រើន ដើម្បីដាក់ជនឧក្រិដ្ឋដ៏សាហាវ និងឃោរឃៅបំផុតរបស់អាមេរិក។ ការបើកដំណើរការឡើងវិញនៃ Alcatraz នឹងបង្ហាញជានិមិត្តសញ្ញានៃច្បាប់ សណ្តាប់ធ្នាប់ និងយុត្តិធម៌»។
ពន្ធនាគារ Alcatraz ត្រូវបានគេស្គាល់ម្យ៉ាងទៀតថា The Rock ដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិក ដែលមានរលកខ្លាំង និងមានភាពត្រជាក់ខ្លាំង។ គុកនេះត្រូវបានយកធ្វើជាកន្លែងថតគុនរន្ធត់ៗមួយចំនួន ហើយក្រោយមកបានក្លាយជាទិសដៅទេសចរណ៍មួយ។
គុកនេះត្រូវបានបិទកាលពីឆ្នាំ១៩៦៣ ដោយសារតែការពិបាកទៅលើការផ្គត់ផ្គង់ ការចំណាយខ្ពស់សម្រាប់ដំណើរការ និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ រួមទាំងការពិបាកក្នុងការចូលទៅដល់៕