
រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបង់ប្រាក់ចំនួន ១០០០ដុល្លារ ដល់ជនអន្តោប្រវេសន៍ដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ដើម្បីឲ្យពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញដោយស្ម័គ្រចិត្ត ដែលជាផ្នែកមួយនៃ របៀបវារៈនៃការនិរទេសទ្រង់ទ្រាយធំ។
ក្រសួងសន្តិសុខមាតុភូមិបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ខ្លួននឹងបង់ប្រាក់សម្រាប់ជំនួយក្នុងការធ្វើដំណើរផងដែរ ហើយអ្នកដែលប្រើប្រាស់កម្មវិធីមួយដែលហៅថា CBP Home ដើម្បីប្រាប់រដ្ឋាភិបាលថាពួកគេមានគម្រោងត្រឡប់ទៅផ្ទះវិញនឹងអាចនឹងរួចខ្លួនពីការឃុំឃាំង និងអនុវត្តច្បាប់អន្តោប្រវេសន៍។
លោកស្រី Kristi Noem រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិបាននិយាយថា៖ «ប្រសិនបើអ្នកនៅទីនេះដោយខុសច្បាប់ ការនិរទេសខ្លួនឯងគឺជាវិធីល្អបំផុត សុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការចាកចេញពីសហរដ្ឋអាមេរិក ដើម្បីជៀសវាងការចាប់ខ្លួន។ ឥឡូវនេះ ក្រសួង សន្តិសុខមាតុភូមិ (DHS) កំពុងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ជនបរទេសខុសច្បាប់ និងប្រាក់ឧបត្ថម្ភដើម្បីត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេតាមរយៈកម្មវិធី CBP Home»។
ក្រសួងដដែលបាននិយាយថា ខ្លួនបានបង់ប្រាក់រួចហើយសម្រាប់សំបុត្រយន្តហោះសម្រាប់ជនចំណាកស្រុកម្នាក់ដើម្បីត្រឡប់ទៅប្រទេសហុងឌូរ៉ាសពីទីក្រុងឈីកាហ្គោ ហើយបាននិយាយថា សំបុត្រជាច្រើនត្រូវបានកក់ទុកសម្រាប់សប្តាហ៍នេះ និងសប្តាហ៍បន្ទាប់។
លោក ត្រាំ បានធ្វើឱ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការនិរទេសជនអន្តោប្រវេសន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះជាចំណុចស្នូលនៃយុទ្ធនាការរបស់លោក ហើយលោកកំពុងតាមដានក្នុងអំឡុងពេលប៉ុន្មានខែដំបូងនៃការគ្រប់គ្រងរបស់លោក ប៉ុន្តែវាជាការប្រឹងប្រែងដែលចំណាយធនធានច្រើន។
ដើម្បីជំរុញការនិរទេសដោយខ្លួនឯងនេះក៏មានការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ដែលបង្ហាញពីសកម្មភាពប្រឆាំងនឹងមនុស្សដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ និងរូបភាពប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញពីការចាប់ខ្លួនដោយការអនុវត្តច្បាប់អន្តោប្រវេសន៍ និងជនចំណាកស្រុកដែលត្រូវបានបញ្ជូនទៅពន្ធនាគារក្នុងប្រទេស El Salvador ។
រដ្ឋបាលលោក ត្រាំ ជារឿយៗបានបង្ហាញពីការនិរទេសខ្លួនឯងថាជាមធ្យោបាយមួយសម្រាប់ជនចំណាកស្រុកដើម្បីរក្សាក្រេឌីតរបស់ពួកគេក្នុងការវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញនៅថ្ងៃណាមួយ ហើយលោក ត្រាំ ផ្ទាល់ក៏បានស្នើកាលពីថ្ងៃចន្ទនេះខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន។
ដោយក្នុងនោះលោក ត្រាំ បាននិយាយថា ជនអន្តោប្រវេសន៍ដែលនិរទេសខ្លួនឯង និងចាកចេញពីសហរដ្ឋអាមេរិក អាចនឹងមានឱកាសត្រលប់មកវិញដោយស្របច្បាប់ ប្រសិនបើពួកគេជាមនុស្សល្អ និងស្រឡាញ់ប្រទេសរបស់យើង។ប៉ុន្តែលោក Aaron Reichlen-Melnick មន្ត្រីជាន់ខ្ពស់នៅក្រុមប្រឹក្សាអន្តោប្រវេសន៍អាមេរិក ដែលតស៊ូមតិសម្រាប់ជនអន្តោប្រវេសន៍បាននិយាយថា មានរឿងជាច្រើនសម្រាប់ជនចំណាកស្រុកត្រូវប្រុងប្រយ័ត្នចំពោះការផ្តល់ជូនចុងក្រោយពីក្រសួងសន្តិសុខមាតុភូមិ។
លោកបាននិយាយថា៖ «ជាញឹកញាប់ មានរឿងកាន់តែអាក្រក់សម្រាប់ជនដែលបានចាកចេញពីប្រទេស ហើយមិនបានតស៊ូការពារករណីរបស់ពួកគេនៅក្នុងតុលាការអន្តោប្រវេសន៍ ជាពិសេសសម្រាប់ពួកគេដែលកំពុងស្ថិតក្នុងដំណើរការបណ្ដេញចេញរួចហើយ»។
លោកបាននិយាយថា ប្រសិនបើជនចំណាកស្រុកស្ថិតក្នុងដំណើរការនីតិវិធីបណ្ដេញចេញ ហើយមិនបង្ហាញខ្លួននៅក្នុងតុលាការ ពួកគេអាចទទួលបានដីកានិរទេសដោយស្វ័យប្រវត្តិ ហើយការចាកចេញពីប្រទេសនេះត្រូវបានរាប់ថាជាការបោះបង់ចោលកម្មវិធីជាច្រើន រួមទាំងពាក្យសុំសិទ្ធិជ្រកកោនផងដែរ៕ ប្រភព៖ AP