ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្ម នៅតំបន់ Pahalgam នាយករដ្ឋមន្ត្រី Narendra Modi កាលពីថ្ងៃចន្ទបានជួបជាមួយទីប្រឹក្សាសន្តិសុខជាតិ Ajit Doval និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Govind Mohan ដោយបង្កើនការរំពឹងទុកអំពីផែនការប្រឆាំងការវាយលុក។


នៅព្រឹកថ្ងៃដដែលនោះដែរ រដ្ឋមន្ត្រីការពារជាតិ Rajesh Kumar Singh ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីផងដែរ។ កិច្ចប្រជុំទាំងនេះមានសារសំខាន់ណាស់ ខណៈដែលពួកគេតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាដែលនាយករដ្ឋមន្ត្រី Modi បានធ្វើឡើងជាមួយមេទ័ពអាកាសឥណ្ឌា Marshal Amar Preet Singh កាលពីថ្ងៃអាទិត្យ និងឧត្តមនាវីឯក Dinesh K Tripathi មេទ័ពជើងទឹកកាលពីថ្ងៃសៅរ៍។

ការ​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សារៈសំខាន់​ចំពេល​មាន​ការ​ឆ្លើយ​តប​ជា​យុទ្ធសាស្ត្រ ដែល​ឥណ្ឌា​អាច​នឹង​​​រៀបចំ​ផែនការស្រប​តាម​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​នេះ​ក្នុង​ការ​​វាយ​ប្រហារ​​​ចំពោះ​អំពើ​ភេរវកម្ម។


របាយការណ៍បង្ហាញថា នៅយប់ថ្ងៃទី ៤-៥ ខែឧសភា កងទ័ពប៉ាគីស្ថានបានផ្តួចផ្តើមការបាញ់អាវុធធុនតូចចេញពីប៉ុស្តិ៍ទល់មុខ​តំបន់​ Kupwara, Baramulla, Poonch, Rajouri, Mendhar, Naushera, Sunderbani និង Akhnoor នៅ​តំបន់​ Jammu និង Kashmir ក្នុងនោះដែរកងទ័ពឥណ្ឌាបានបាញ់​ឆ្លើយតបភ្លាមៗចំពោះការបាញ់នេះ។


កាលពីថ្ងៃសៅរ៍ ឧត្តមនាវីឯក Tripathi ​មេទ័ពជើងទឹក​ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបជូននាយករដ្ឋមន្ត្រីអំពីស្ថានភាពសន្តិសុខនៅទូទាំងតំបន់ដែនសមុទ្រសំខាន់ៗនៅក្នុងសមុទ្រអារ៉ាប់ផងដែរ។


គួរឲ្យ​ដឹងផងដែរថា កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រី Modi បានជួបជាមួយប្រមុខកងកម្លាំងប្រដាប់អាវុធទាំងបី ដោយ​បង្ហាញ​​ទំនុកចិត្ត និងការគាំទ្រយ៉ាងពេញលេញរបស់គាត់ និង​បាន​ ផ្តល់ឱ្យពួកគេនូវ​សិទ្ធសេរីភាពក្នុងការប្រតិបត្តិកា ការសម្រេចចិត្ត ការសម្រេចគោលដៅ និងពេលវេលា ក្នុងការឆ្លើយតបពីប្រទេសឥណ្ឌាចំពោះការវាយប្រហារភេរវកម្មនៅតំបន់ Pahalgam ដែលបានឆក់យកជីវិតមនុស្សអស់ ២៦ នាក់។

ការវិវឌ្ឍនៃការបើកកិច្ចប្រជុំសន្តិសុខកម្រិតខ្ពស់ជាបន្ទាន់នេះកើតឡើងបន្ទាប់ពីមានការបាញ់សាកល្បងកាំជ្រួចមីស៊ីលផ្លោងនាពេលថ្មីៗនេះរបស់ប្រទេសប៉ាគីស្ថាន ដែលមានរយៈចម្ងាយ ៤៥០គីឡូម៉ែត្រ។ កាំជ្រួច​នេះ​ត្រូវ​បាន​បាញ់​សាកល្បង​កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​អំឡុង​ពេល​សមយុទ្ធ​យោធា​របស់​ប៉ាគីស្ថាន​ឈ្មោះ Exercise INDUS៕