
ទាហានប៉ាគីស្ថានពិនិត្យអាគារដែលត្រូវបានវាយប្រហារដោយមីស៊ីលឥណ្ឌា នៅក្បែរក្រុង Muzaffarabad នៃតំបន់កាស្មៀរ នៅព្រឹកថ្ងៃទី៧ ខែឧសភា។ AP
ឥណ្ឌាបានបាញ់មីស៊ីលឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីដែលកាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថាននៅព្រឹកថ្ងៃពុធនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់។ នេះបើយោងតាមមន្ត្រីសន្តិសុខប៉ាគីស្ថាន។ ប្រទេសឥណ្ឌាបាននិយាយថា ខ្លួនកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធ។
ការវាយប្រហារនេះមានឡើងបន្ទាប់ពីការវាយប្រហារទៅលើតំបន់កាស្មៀរដ៏សាហាវមួយទៅលើភ្ញៀវទេសចរកាលពីខែមេសា ដែលបានធ្វើឱ្យទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថានធ្លាក់ចុះដល់កម្រិតទាបបំផុត។
យោងតាមអ្នកនាំពាក្យយោធាប៉ាគីស្ថាន មីស៊ីលឥណ្ឌាបានវាយប្រហារទីតាំងចំនួន ៦ កន្លែង សម្លាប់មនុស្ស ៨ នាក់ និងធ្វើឱ្យ ៣៨ នាក់ផ្សេងទៀតរងរបួស។ ក្រសួងការពារជាតិឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មានទីតាំង ៩ កន្លែងត្រូវបានកំណត់គោលដៅនៃការវាយប្រហារដោយអះអាងថា ទីតាំងទាំងនោះ គឺជាកន្លែងរៀបចំវាយប្រហារភេរវកម្មប្រឆាំងនឹងឥណ្ឌា។
ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាគាំទ្រការសម្លាប់មនុស្ស ២៦ នាក់នោះដែលភាគច្រើនជាជនជាតិឥណ្ឌាកាន់សាសនាហិណ្ឌូ។ ការចោទប្រកាន់នេះត្រូវបានប៉ាគីស្ថានបដិសេធ។ បន្ទាប់មក ប្រទេសទាំងពីរបានបណ្តេញអ្នកការទូតនិងពលរដ្ឋចេញ បញ្ជាឱ្យបិទព្រំដែន និងបិទដែនអាកាសរបស់មិនឲ្យឆ្លងកាត់ទៅវិញទៅមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយថា៖ «ប៉ាគីស្ថានមានសិទ្ធិទាំងអស់ក្នុងការផ្តល់ការឆ្លើយតបដ៏រឹងមាំចំពោះសកម្មភាពសង្គ្រាមនេះដែលឥណ្ឌាបានដាក់លើប៉ាគីស្ថាន ហើយការឆ្លើយតបដ៏រឹងមាំពិតជាកំពុងត្រូវបានធ្វើឡើង»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងថា លោកសង្ឃឹមថា ការប៉ះទង្គិចគ្នានេះនឹងត្រូវចប់នាពេលឆាប់ៗនេះ ហើយថា ជម្លោះតំបន់កាស្មៀរមានរយៈមួយសតវត្សរ៍មកហើយ៕ ប្រភព៖ AP