
លោក Scott Bessent រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក (ឆ្វេង) និងឧបនាយករដ្ឋមន្ត្រីចិន He Lifeng។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងចិននឹងចាប់ផ្តើមកិច្ចពិភាក្សាបញ្ហាពន្ធគយ នៅក្នុងសប្ដាហ៍នេះដើម្បីព្យាយាមបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។
កិច្ចប្រជុំនេះនឹងធ្វើឡើងនៅប្រទេសស្វ៊ីសពីថ្ងៃទី ៩ ដល់ ១២ ឧសភា ដោយភាគីចិននឹងមានវត្តមានឧបនាយករដ្ឋមន្ត្រីចិន He Lifeng រីឯភាគីសហរដ្ឋអាមេរិកវិញនឹងដឹកនាំដោយលោក Scott Bessent រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក ព្រមទាំងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) លោក Jamieson Greer។
ចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានវិញនៅខែមករា លោក បានដាក់ពន្ធលើទំនិញនាំចូលពីចិនរហូតដល់ ១៤៥%។ ទីក្រុងប៉េកាំងបានវាយតបវិញដោយដាក់ពន្ធលើទំនិញមួយចំនួនពីសហរដ្ឋអាមេរិកចំនួន ១២៥%។
ការជួបចរចានេះ គឺជាជំនួបកម្រិតខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរចាប់តាំងពីអនុប្រធានាធិបតីចិន លោក Han Zheng បានចូលរួមពិធីចូលកាន់តំណែងរបស់លោក ត្រាំ ក្នុងខែមករា។
លោក Scott Bessent រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក បាននិយាយថា លោកទន្ទឹងរង់ចាំការធ្វើឱ្យប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិមានតុល្យភាពឡើងវិញ ដើម្បីបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិកឲ្យកាន់តែប្រសើរ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា៖ «ខ្ញុំមានអារម្មណ៍ថា ជំនួបនេះគឺជាការបន្ធូរបន្ថយភាពតានតឹង មិនមែនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនោះទេ ប៉ុន្តែយើងត្រូវបន្ធូរបន្ថយភាពតានតឹងជាមុនសិន មុននឹងអាចឈានទៅមុខបន្តទៀត»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ទីក្រុងប៉េកាំងបានសម្រេចចិត្តចូលរួមប្រជុំជាមួយសហរដ្ឋអាមេរិកបន្ទាប់ពីពិចារណាយ៉ាងពេញលេញលើការរំពឹងទុកជាសកល ផលប្រយោជន៍របស់ចិន និងការអំពាវនាវពីវិនិយោគិនអាមេរិក។
របាយការណ៍បន្ថែមថា ចិនបើកចំហចំពោះការចរចា ប៉ុន្តែបានបញ្ជាក់ជាថ្មីថា ចិននឹងបន្តប្រយុទ្ធក្នុងសង្គ្រាមពាណិជ្ជកម្មនេះ រហូតដល់ទីបញ្ចប់៕ ប្រភព៖ BBC