ស្ថាបនិកក្រុមហ៊ុន​ Microsoft លោក Bill Gates បាននិយាយថា លោក​មិន​ចង់​ស្លាប់​ដោយ​នៅ​សល់​ទ្រព្យ​សម្បត្តិ​ច្រើនទេ​ ហើយ​លោកមានបំណងបរិច្ចាគទ្រព្យសម្បត្តិរបស់លោក​ ៩៩ភាគរយ​ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ២០០ ពាន់លានដុល្លារ។


លោក Gates បានលើកឡើងទៀតថា លោកនឹងបង្កើនការបរិច្ចាគតាមរយៈមូលនិធិរបស់ខ្លួន ហើយមានផែនការបញ្ចប់សកម្មភាពនៃមូលនិធិនេះក្នុងឆ្នាំ ២០៤៥។

លោក​ Bill Gates សរសេរនៅក្នុងប្លក់មួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «មនុស្សជាច្រើននឹងនិយាយអំពីខ្ញុំបន្ទាប់ពីខ្ញុំស្លាប់ ប៉ុន្តែខ្ញុំប្តេជ្ញាថានឹងមិនលឺពាក្យថា​ គាត់ស្លាប់ដោយមានទ្រព្យសម្បត្តិច្រើនទេ វាមិនមែនជាដំណឹងដែលខ្ញុំចង់ឲ្យមានទេ»។


លោក Gates ដែលមានអាយុ ៦៩ឆ្នាំបាននិយាយថា មូលនិធិដែលមានឈ្មោះរបស់លោក​បានបរិច្ចាគប្រាក់ ១០០ ពាន់លានដុល្លារ ចំពោះគម្រោងសុខាភិបាល និងការអភិវឌ្ឍន៍ ហើយលោក​រំពឹងថានឹងចំណាយ ២០០ ពាន់លានដុល្លារ​បន្ថែមទៀតដោយអាស្រ័យលើទីផ្សារ និងអតិផរណាក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ។


នៅក្នុងការបង្ហោះប្លក់​នោះ​ លោក Gates បានដកស្រង់សំណេរឆ្នាំ​១៨៨៩ ដោយមហាសេដ្ឋី Andrew Carnegie ដែលមានចំណងជើងថា The Gospel of Wealth ដែលអះអាងថា «អ្នកមាន មានកាតព្វកិច្ចប្រគល់ទ្រព្យសម្បត្តិរបស់ពួកគេមកសង្គមវិញ បុរសដែលស្លាប់ដោយមានទ្រព្យសម្បត្តិច្រើន គឺស្លាប់ក្នុងភាពគ្មានកិត្តិយស»។


ការប្តេជ្ញាថ្មីបំផុតរបស់លោក បង្ហាញពីការបន្ថែមល្បឿននៃការបរិច្ចាគសប្បុរសធម៌ ដោយដំបូងឡើយ លោក​និងអតីតភរិយា Melinda បានគ្រោងឲ្យមូលនិធិ Gates បន្តធ្វើការរយៈពេលច្រើនទសវត្សរ៍បន្ទាប់ពីពួកគេស្លាប់ប៉ុន្តែឥឡូវលោកបានផ្លាស់ប្តូរ។

លោក Gates បានប្រាប់កម្មវិធី Newshour របស់ BBC កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងរយៈពេល ២០ ឆ្នាំក្រោយ នឹងមានអ្នកមានផ្សេងទៀត ដែលអាចដោះស្រាយបញ្ហាថ្មីៗបានប្រសើរជាងលោក។

ទោះជាមានការបរិច្ចាគ ៩៩% នៃទ្រព្យសម្បត្តិរបស់លោក​ ក៏លោក Gates នៅតែមានឈ្មោះជាមហាសេដ្ឋីដដែល។ បើយោងតាម ​​Bloomberg ស្ថាបនិកក្រុមហ៊ុន Microsoft រូប​នេះ​គឺជាអ្នកមានបំផុតទី ៥ នៅលើពិភពលោក។

លោក Gates និងលោក Paul Allen បានបង្កើតក្រុមហ៊ុន Microsoft នៅឆ្នាំ១៩៧៥ ហើយក្រុមហ៊ុននេះបានក្លាយជាអ្នកដឹកនាំ​នៅ​ក្នុង​ឧស្សាហកម្មកម្មវិធីកុំព្យូទ័រ និងបច្ចេកវិទ្យាផ្សេងៗ។

លោក Gate បាននិយាយថា គាត់ត្រូវបានជំរុញ​ទឹក​ចិត្ត​ឲ្យធ្វើការបរិច្ចាគដោយអ្នកវិនិយោគ Warren Buffett និងសប្បុរសជនផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករិះគន់មូលនិធិរបស់លោក​និយាយថា លោក Gates ប្រើប្រាស់ឋានៈសប្បុរសធម៌របស់ខ្លួន ដើម្បីជៀសវាងពន្ធ និងមានឥទ្ធិពលចំពោះប្រព័ន្ធសុខភាពពិភពលោក។

នៅក្នុងការបង្ហោះប្លក់របស់គាត់ លោក Gate បានគូសបញ្ជាក់ពីគោលដៅចម្បងសំខាន់បីរបស់មូលនិធិ គឺ​ការលុបបំបាត់ជំងឺដែលអាចបង្កការស្លាប់ដល់មាតា និងទារក, ការលុបបំបាត់ជំងឺឆ្លងដូចជា ជំងឺគ្រុនចាញ់និងកញ្ជ្រឹល, និង​​ការលុបបំបាត់ភាពក្រីក្រសម្រាប់ប្រជាជនរាប់រយលាននាក់។

ក្នុងនោះដែរ លោកបានរិះគន់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ចំពោះការកាត់បន្ថយថវិកាជំនួយអន្តរជាតិ ដោយក្នុងនោះលោកបានលើកឡើងថា «វាពិបាកទាយថា តើបណ្ដាប្រទេសមានចំណូលខ្ពស់នឹងបន្តជួយប្រជាជនក្រីក្រៗទៀតឬអត់? ប៉ុន្តែអ្វីដែលយើងអាចធានាបាន គឺមូលនិធិ Gates នឹងបន្តគាំទ្រការប្រឹងប្រែងដើម្បីជួយប្រជាជន និងប្រទេសនានាឱ្យដកខ្លួនចេញពីភាពក្រីក្រ»។

នៅក្នុងបទសម្ភាសន៍ជាមួយ Newshour លោក Gate បានបង្ហាញមតិរិះ​គន់​មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ថាបានសម្លាប់កុមារតាមរយៈការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកដែលធ្វើឡើងដោយ​ក្រសួង​ប្រសិទ្ធភាពរដ្ឋាភិបាល​ DOGE។

លោក Gates បានលើកឡើងថា៖ «ការកាត់បន្ថយទាំងនេះនឹងមិនសម្លាប់ត្រឹមតែកុមារតិចតួចប៉ុណ្ណោះទេ ប៉ុន្តែការកាត់បន្ថយនេះវាបានសម្លាប់កុមាររាប់លាននាក់ អ្នក​នឹង​មិន​នឹក​ស្មាន​ដល់ទេថា ​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក​នឹង​ធ្វើ​បែប​នេះ​ទៅរួច »៕ ប្រភព៖ BBC