
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីអាមេរិក និងចិនបានព្រមព្រៀងលើក្របខណ្ឌពាណិជ្ជកម្មមួយ បន្ទាប់ពីការចរចារយៈពេលពីរថ្ងៃនៅទីក្រុងឡុងដ៍ ដើម្បីដាក់សន្ធិសញ្ញាពាណិជ្ជកម្មរបស់ពួកគេឡើងវិញ និងដោះស្រាយការរឹតបន្តឹងការនាំចេញរបស់ចិន។
លោក Lutnick បានប្រាប់អ្នកយកព័ត៌មានថា ក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះបានយល់ព្រមជាគោលការណ៍លើក្របខណ្ឌសម្រាប់ការអនុវត្តការឯកភាពគ្នាដែលប្រមុខរដ្ឋទាំងពីរសម្រេចបានក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទរបស់ពួកគេកាលពីថ្ងៃទី៥ ខែមិថុនា និងនៅឯកិច្ចពិភាក្សាទីក្រុងហ្សឺណែវកាលពីខែមុន។ កិច្ចព្រមព្រៀងនេះក៏នឹងលុបចោលការរឹតបន្តឹងការនាំចេញមួយចំនួនរបស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះផងដែរ។
លោក Lutnick បាននិយាយថា៖ «យើងបានឈានដល់ក្របខណ្ឌមួយដើម្បីអនុវត្តការឯកភាពទីក្រុងហ្សឺណែវ និងការអំពាវនាវរវាងប្រធានាធិបតីទាំងពីរ។ យើងនឹងយកក្របខណ្ឌនេះទៅពិភាក្សាជាមួយប្រធានាធិបតីរបស់យើងទាំងពីរដើម្បីទទួលការយល់ព្រម ហើយប្រសិនបើវាត្រូវបានអនុម័ត នោះយើងនឹងអនុវត្តក្របខណ្ឌនេះ»។
មន្រ្តីសេដ្ឋកិច្ចកំពូលរបស់សហរដ្ឋអាមេរិក និងចិន កំពុងខិតខំជំរុញឲ្យមានកិច្ចព្រមព្រៀងមួយ ដើម្បីបន្ធូរបន្ថយវិធានគ្រប់គ្រងការនាំចេញរវាងប្រទេសទាំងពីរ។
នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Li Chenggang ក៏បាននិយាយផងដែរថា ក្របខណ្ឌពាណិជ្ជកម្មមួយត្រូវបានព្រមព្រៀង យើងនឹងនាំយកវា ទៅឲ្យមេដឹកនាំរបស់យើងដើម្បីទទួលការយល់ព្រម។
លោក Lutnick បាននិយាយថា ការដាក់កំហិតនៃការនាំចេញផលិតផលរ៉ែ និងម៉ាញ៉េទិចរបស់ចិនទៅសហរដ្ឋអាមេរិក នឹងត្រូវដោះស្រាយ ដែលវាជាផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងនេះ។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បានដាក់វិធានការជាច្រើនប្រសិនបើផលិតផលរបស់ចិនមិនត្រូវបាននាំចេញ។
លោក Lutnick បានបន្ថែមថា៖ «អ្នកគួរតែរំពឹងថាវិធានការដាក់កំហិតនឹងត្រូវដកចេញ ដូចដែលប្រធានាធិបតី ត្រាំ បាននិយាយ គឺត្រូវធ្វើឲ្យមានតុល្យភាព»៕