លោក Khaby Lame ដែលជាតារា TikTok ដ៏ល្បីល្បាញបំផុតលើលោកជាមួយនឹងអ្នកតាមដាន​ជាង ១៦០​លាននាក់ បានចាកចេញពីសហរដ្ឋអាមេរិកបន្ទាប់ពីត្រូវបានឃុំខ្លួនដោយភ្នាក់ងារអន្តោប្រវេសន៍នៅទីក្រុង Las Vegas ពីបទចោទថាបានស្នាក់នៅលើសសុពលភាពទិដ្ឋាការរបស់គាត់។


អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​ជនជាតិសេណេហ្គាល់-អ៊ីតាលី ដែលមានឈ្មោះផ្លូវការថា Seringe Khabane Lame ត្រូវបានឃុំខ្លួននៅថ្ងៃសុក្រនៅឯអាកាសយានដ្ឋានអន្តរជាតិ Harry Reid ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសដោយគ្មានបទបញ្ជាបណ្តេញចេញ។ នេះបើយោងតាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យរបស់ទីភ្នាក់ងារអន្តោប្រវេសន៍និងគយសហរដ្ឋអាមេរិក។

អ្នកនាំពាក្យ ICE បាននិយាយថាលោក​ Lame បានមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមេសា ហើយ «បានស្នាក់នៅលើសពីលក្ខខណ្ឌនៃទិដ្ឋាការរបស់គាត់»។ លោក​ Lame មិន​បានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីការឃុំខ្លួនរបស់លោកទេ។


ការឃុំខ្លួននិងការចាកចេញដោយស្ម័គ្រចិត្តរបស់លោក​ពីសហរដ្ឋអាមេរិកកើតឡើងនៅពេល​មាន​ការបង្ក្រាបកាន់តែខ្លាំងឡើងលើអន្តោប្រវេសន៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ រួមទាំងការវាយឆ្មក់នៅទីក្រុង Los Angeles ដែលបានជំរុញឱ្យមានការតវ៉ាជាច្រើនថ្ងៃប្រឆាំងនឹង ICE ខណៈដែលប្រធានាធិបតីកំពុងធ្វើ​តេស្ត​សាកល្បងលើ​អំណាចប្រតិបត្តិរបស់លោក។


ការចាកចេញដោយស្ម័គ្រចិត្ត​ ដូច​ករណី​របស់​លោក​ Lame​ នេះ​ គឺ​ជា​គោល​ការណ៍​អនុញ្ញាតឱ្យអ្នកដែលប្រឈមមុខនឹងការបណ្តេញចេញពីសហរដ្ឋអាមេរិកជៀសវាងបទបញ្ជាបណ្តេញចេញនៅលើកំណត់ត្រាអន្តោប្រវេសន៍របស់ពួកគេ ដែលអាចរារាំងពួកគេមិនឱ្យត្រឡប់ចូលសហរដ្ឋអាមេរិករហូតដល់មួយទសវត្សរ៍។


តារាTikTok  វ័យ​ ២៥ ឆ្នាំរូបនេះបានក្លាយជាអ្នកល្បីល្បាញជាអន្តរជាតិក្នុងអំឡុងពេលជំងឺរាតត្បាត​កូវីដ១៩ ដោយលោក​មិន​និយាយសូម្បី​មួយម៉ាត់នៅក្នុងវីដេអូ​ដែលបង្ហាញពីការប្រតិកម្មរបស់គាត់ចំពោះ «វិធីសាស្ត្រជីវិត» ដែលស្មុគស្មាញខ្លាំង។ គាត់មានអ្នកតាមដានជាង ១៦២ លាននាក់នៅលើ TikTok ដោយមិន​ទាន់​រាប់​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង​ទៀត​រាប់​លាន​នាក់។

លោក​កើតនៅសេណេហ្គាល់ ហើយ​បានផ្លាស់ទៅប្រទេសអ៊ីតាលីនៅពេលគាត់នៅជាទារកជាមួយឪពុកម្តាយជា​កម្មករ ហើយលោក​ទទួល​បាន​សញ្ជាតិអ៊ីតាលី៕