មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយថា ការបាញ់កាំភ្លើង និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦០នាក់នៅតំបន់ហ្គាហ្សាកាលពីថ្ងៃពុធ ភាគច្រើននៃអ្នកស្លាប់គឺនៅក្បែរកន្លែងផ្តល់ជំនួយដែលដំណើរការដោយមូលនិធិមនុស្សធម៌ហ្គាហ្សាដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។


មន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យ Shifa និង Al-Quds បាននិយាយថា មានមនុស្សយ៉ាងហោចណាស់ ២៥នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ខណៈដែលពួកគេព្យាយាមធ្វើដំណើរទៅជិតមជ្ឈមណ្ឌលចែកចាយអាហារនៅជិតអតីតការតាំងទីលំនៅរបស់ជនជាតិជ្វីហ្វ Netzarim មុនពេលថ្ងៃរះ។

យោធារបស់អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ព្រមានពេញមួយយប់ទៅកាន់ក្រុម​ជនសង្ស័យ ខណៈដែលពួកគេបានបង្កការគំរាមកំហែងដល់កងទ័ពនៅក្នុងតំបន់នៃច្រករបៀង Netzarim។


មន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យ Nasser នៅ Khan Younis ភាគខាងត្បូង Gaza Strip បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៤នាក់ ផ្សេងទៀតត្រូវបានសម្លាប់ដោយសារការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល ខណៈដែលពួកគេចូលទៅជិតកន្លែងផ្តល់ជំនួយមួយផ្សេងទៀតនៅ Rafah។


នៅថ្ងៃពុធដដែល មូលនិធិមនុស្សធម៌ហ្គាហ្សាបានចោទប្រកាន់ក្រុមហាម៉ាស់ថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅក្នុងការវាយប្រហារមកលើរថយន្តក្រុងដែលដឹកជនជាតិប៉ាឡេស្ទីនចំនួនប្រហែល ២៤នាក់ ដែលធ្វើការជាមួយអង្គការជួយសង្គ្រោះទៅកាន់មជ្ឈមណ្ឌលចែកចាយជំនួយមួយរបស់ខ្លួន។ ក្រុមជំនួយបាននិយាយថា៖ «យើង​នឹង​បន្ត​បេសកកម្ម​របស់​យើង​ក្នុង​ការ​ផ្តល់​ជំនួយ​ដ៏​សំខាន់​ដល់​ប្រជាជន​ហ្គាហ្សា»។


ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ជនស៊ីវិល មូលនិធិបាននិយាយថាខ្លួនមិនបានដឹងពីឧប្បត្តិហេតុដែលកើតឡើងនៅថ្ងៃពុធនោះ​ទេ ប៉ុន្តែបានបន្ថែមថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីធានាថាមានផ្លូវដែលមានសុវត្តិភាព ហើយពលរដ្ឋប៉ាឡេស្ទីនគួរតែអនុវត្តតាមសេចក្ដីណែនាំអោយបានម៉ត់ចត់។

ក្រសួងសុខាភិបាលដែលដឹកនាំដោយក្រុមហាម៉ាស់នៅកាហ្សាបាននិយាយថា តាំងពីមានសកម្មភាពចែកចាយជំនួយមកជនជាតិប៉ាឡេស្ទីន ១៦៣នាក់ ត្រូវបានសម្លាប់ និងជាង ១០០០នាក់រងរបួស ខណៈដែលព្យាយាមទៅយកប្រអប់អាហារ និងជំនួយ។

អង្គការសហប្រជាជាតិបានថ្កោលទោសចំពោះការសម្លាប់នេះ ហើយបានបដិសេធមិនផ្តល់ជំនួយតាមរយៈមូលនិធិ ដែលប្រើក្រុមការងារឯកជនរួមជាមួយនឹងអ៊ីស្រាអែលទេ ហើយបានធ្វើការរិះគន់ទៅលើសកម្មភាពនោះថា ជាការបំពានលើស្តង់ដារមនុស្សធម៌។

នៅកន្លែងផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃពុធ ក្រសួងសុខាភិបាលរហ្គាហ្សា​បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១នាក់ ត្រូវបានសម្លាប់ដោយការបាញ់កាំភ្លើងដាច់ដោយឡែកពីគ្នារបស់អ៊ីស្រាអែល និងការវាយប្រហារនៅទូទាំងតំបន់នោះ៕ Reuters