បុគ្គលិកស្ថានទូតអាមេរិកដែលមិនចាំ​បាច់​ និងក្រុម​គ្រួសារ​របស់ពួកគេនៅទីក្រុងបាកដាដ នឹងត្រូវជម្លៀសចេញពីអ៊ីរ៉ាក់ដោយសារហានិភ័យសន្តិសុខកើនឡើង។ នេះ​បើ​តាម​ប្រភពពី​រដ្ឋាភិបាលអាមេរិក។


មន្ត្រីមិនបានបញ្ជាក់ច្បាស់ថាអ្វីជាមូលហេតុនៃការជម្លៀសនេះទេ ប៉ុន្តែនៅថ្ងៃពុធ អ៊ីស្រាអែល​បាន​ប្រាប់​មន្ត្រីអាមេរិក ថាអ៊ីស្រាអែលបានត្រៀមខ្លួនដើម្បីបើកប្រតិបត្តិការទៅក្នុងប្រទេសអ៊ីរ៉ង់។

មន្ត្រីបាននិយាយថា នេះជាផ្នែកមួយនៃហេតុផលដែលអាមេរិកបានណែនាំឱ្យជនជាតិអាមេរិកមួយចំនួនចាកចេញពីតំបន់នេះ ហើយថាអាមេរិករំពឹងថាអ៊ីរ៉ង់អាចសងសឹកលើទីតាំងអាមេរិកមួយចំនួននៅអ៊ីរ៉ាក់។


ការ​វិវត្ត​នេះ​កើតឡើងនៅពេលដែលការចរចារបស់អាមេរិកជុំវិញកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ហាក់​ដូចជាបានជាប់គាំងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ អ្នកនាំពាក្យអាមេរិកប្រចាំមជ្ឈិមបូព៌ា លោក Steve Witkoff នៅតែមានផែនការជួបជាមួយមន្ត្រីអ៊ីរ៉ង់សម្រាប់ការចរចាជុំទីប្រាំមួយនៅថ្ងៃអាទិត្យ​នេះ។


មន្ត្រីក្រសួងការបរទេសអាមេរិកបានប្រាប់ BBC ថា៖ «យើងតែងតែវាយតម្លៃស្ថានភាពបុគ្គលិកសម​ស្រប់នៅគ្រប់ស្ថានទូតរបស់យើង។ ផ្អែកលើការវិភាគចុងក្រោយរបស់យើង យើងបានសម្រេចចិត្តកាត់បន្ថយវត្តមានបេសកកម្មរបស់យើងនៅអ៊ីរ៉ាក់»។


លោក ត្រាំ​ បាននិយាយអំពីអ៊ីរ៉ង់នៅឯព្រឹត្តិការណ៍​មួយ​នៅមជ្ឈមណ្ឌល Kennedy កាលពីថ្ងៃពុធ ដោយប្រាប់អ្នកសារព័ត៌មានថា ជនជាតិអាមេរិកត្រូវបានណែនាំឱ្យចាកចេញពីតំបន់នេះ «ព្រោះវាអាចជាកន្លែងគ្រោះថ្នាក់ ហើយយើងនឹងមើលថាតើនឹងមានអ្វីកើតឡើង»។

លោក ត្រាំ ក៏បានបញ្ជាក់ឡើងវិញថា អាមេរិកមិនចង់ឱ្យអ៊ីរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ដោយ​ថ្លែង​ដូច្នេះ​ថា «យើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងទេ»។

លោក ត្រាំ សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ឈប់រដ្ឋធានី​តេហេរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ លោកថា លោកកាន់តែមានទំនុកចិត្តតិចថាអ៊ីរ៉ង់នឹងបញ្ឈប់ការចម្រាញ់យូរ៉ាញ៉ូម។

កាលពីដើមសប្តាហ៍នេះ លោកក៏បានធ្វើការសន្ទនាតាមទូរស័ព្ទរយៈពេល ៤០ នាទី ដោយ​ភាព​ តានតឹង​ ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ អ៊ីស្រាអែល​​តែងតែប្រកែកគាំទ្រវិធីសាស្ត្រយោធាជាជាងការទូត។

ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏បានយល់​ព្រម​ទៅ​លើ​ការចាកចេញដោយស្ម័គ្រចិត្តរបស់ក្រុមគ្រួសារបុគ្គលិកយោធាអាមេរិកពីបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា រួមទាំងគុយវ៉ែត និងបារ៉ែន ផងដែរ។

នៅក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភា កាលពីថ្ងៃពុធ ក្រសួងការពារជាតិបាននិយាយថា លោកជឿថាមាន «សញ្ញាច្រើន» ដែលថាអ៊ីរ៉ង់កំពុង​កំពុង​ធ្វើ​ «ឆ្ពោះទៅរកអ្វីមួយដែល​មើលទៅដូចជាអាវុធនុយក្លេអ៊ែរ»។

ប៉ុន្តែ អ៊ីរ៉ង់និយាយថា កម្មវិធីចម្រាញ់យូរ៉ាញ៉ូមរបស់ខ្លួនគឺសម្រាប់ផលិតថាមពល​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ ហើយថាខ្លួនមិនមែន​កំពុងព្យាយាមបង្កើតគ្រាប់បែកអាតូមិក​ នោះ​ទេ។

បច្ចុប្បន្ន​នេះ មាន​ទាហានអាមេរិកប្រមាណ ២,៥០០ នាក់ស្ថិត​នៅ​មូលដ្ឋាននៅអ៊ីរ៉ាក់។ នេះបើយោងតាមក្រសួងការពារជាតិ​អាមេរិក។

ក្នុង​ពេល​មាន​ភាព​តឹង​តែង​នេះ តម្លៃប្រេងបានកើនឡើងជាង ៤% ជា​លើក​ដំបូងនៅពេលដំណឹងអំពីការជម្លៀសរបស់អាមេរិកបានផ្ទុះឡើង ដោយសារការរំពឹងទុកអំពីអសន្តិសុខក្នុងតំបន់ដែលអាចនាំឱ្យមានបញ្ហាការផ្គត់ផ្គង់៕