
លោក Nguyen Ba Hoan ដែលត្រូវបានចាប់ខ្លួនរឿងពុករលួយ។ vnexpress
អតីតអនុរដ្ឋមន្ត្រីក្រសួងការងារ ដែលបច្ចុប្បន្នជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ថាបានបង្កើតឯកសារដើម្បីទាញយកសំណូកពីក្រុមហ៊ុននាំចេញកម្លាំងពលកម្ម។
លោក Nguyen Ba Hoan អាយុ ៥៨ ឆ្នាំ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌនៅថ្ងៃពុធ រួមជាមួយលោក Tong Hai Nam ប្រធាននាយកដ្ឋានការងារនៅក្រៅប្រទេស និងលោក Nguyen Gia Liem និងលោក Pham Viet Huong ដែលទាំងពីរនាក់ជាអនុប្រធាន ពីបទទទួលសំណូក។
លោក Huong ត្រូវបានឃុំខ្លួននៅផ្ទះ ខណៈពេលដែលអ្នកផ្សេងទៀតស្ថិតនៅក្នុងមន្ទីរឃុំឃាំង។
លោក Hoan បានបម្រើការងារជាង ៣០ ឆ្នាំនៅក្នុងក្រសួងការងារ អតីតយុទ្ធជន និងកិច្ចការសង្គម ដោយកាន់តំណែងផ្សេងៗ រួមទាំងតំណែងនៅនាយកដ្ឋានការងារនៅក្រៅប្រទេស ប្រធានការិយាល័យ និងជាអនុរដ្ឋមន្ត្រីចាប់ពីខែកញ្ញា ឆ្នាំ២០២០។
ការស៊ើបអង្កេតបឋមបានរកឃើញថា ក្នុងអំឡុងពេលជាអនុរដ្ឋមន្ត្រី លោក Hoan បានណែនាំនាយកដ្ឋានការងារនៅក្រៅប្រទេសឱ្យបង្កើត «អាជ្ញាបណ្ណរង» ដែលច្បាប់មិនបានតម្រូវឲ្យមាន សម្រាប់ក្រុមហ៊ុនការងារដើម្បីទទួលបានសម្រាប់ការនាំចេញកម្លាំងពលកម្ម។
យោងតាមនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មសេដ្ឋកិច្ច អំពើពុករលួយ និងការរត់ពន្ធ នៃក្រសួងសន្តិសុខសាធារណៈ វិធាននេះបានធ្វើឱ្យក្រុមហ៊ុនជាប់គាំងក្នុងការដាក់ឯកសារជាច្រើន ដែលជាហេតុដាក់សម្ពាធឱ្យពួកគេត្រូវបង់សំណូកទៅមន្ត្រី។
ដើម្បីដោះស្រាយនឹងភាពស្មុគស្មាញដែលក្រុមជនសង្ស័យបានរៀបចំ ក្រុមហ៊ុនជ្រើសរសើកម្លាំងពលកម្ម ត្រូវថ្លៃសេវាខ្ពស់ជាច្រើនដងលើសអ្វីដែលច្បាប់អនុញ្ញាត ហើយអ្នកដែលត្រូវបង់ថ្លៃសេវាគឺអ្នកមានជីវភាពខ្វះខាត និងជនជាតិភាគតិច។
សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក Hoan និងមន្ត្រីបីនាក់ផ្សេងទៀត គឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងពង្រីកទៅលើភាពមិនប្រក្រតីក្នុងការនាំចេញកម្លាំងពលកម្ម។
បន្ថែមពីលើនេះ ប៉ូលិសក៏បានចាប់ខ្លួនលោក Nguyen Duc Nam ប្រធានក្រុមហ៊ុន Sona; លោក Nghiem Quoc Hung ប្រធានក្រុមហ៊ុន Hoang Long; លោក Nguyen Dinh Tham អនុប្រធានក្រុមហ៊ុន Hoang Long; និងអ្នកផ្សេងទៀតជាច្រើន ពីបទរំលោភលើបទប្បញ្ញត្តិគណនេយ្យ ដែល «បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ»។
ក្រុមហ៊ុនទាំងនេះបានប្រមូលថ្លៃសេវាលើសកម្រិត ប៉ុន្តែមិនបានរាយការណ៍ពីថវិកានោះទេ ព្រោះថ្នាក់ដឹកនាំមានបំណងរំលោភយកលុយនោះ៕ VNexpress