
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ជូនកងការពារជាតិ និងកងម៉ារីន ដើម្បីចូលទៅ «រំដោះ» ទីក្រុង Los Angeles ចេញពីអំពើហិង្សារបស់ក្រុមបាតុករ ប៉ុន្តែអ្នកស្រុកមួយចំនួននៅក្នុងសង្កាត់ Little Tokyo ដែលជាសង្កាត់មួយដែលរងគ្រោះខ្លាំងបំផុតដោយភាពចលាចលនេះ និយាយថា «អរគុណ! មិនបាច់ទេ លោកប្រធានាធិបតី»។
មនុស្សរាប់សិបនាក់ដែលរស់នៅ និងធ្វើការ ឬចេញចូលញឹកញាប់ក្នុងតំបន់ដែលនិយាយភាសារជប៉ុននេះ បានប្រាប់រ៉យទ័រថា ការប្រើប្រាស់កងយោធារបស់លោក ត្រាំ កំពុងបង្កើនការជ្រួលច្របល់ និងធ្វើឱ្យការតវ៉ាប្រឆាំងនឹងសកម្មភាពចាប់ជនអន្តោប្រវេសន៍នាពេលថ្មីៗនេះនៅក្នុងទីក្រុង Los Angeles កាន់តែមានសភាពធ្ងន់ធ្ងរទៅ។
«ការបញ្ជូនកងការពារជាតិ និងកងម៉ារីន ទៅកន្លែងបាតុកម្ម ដែលបញ្ជាដោយប្រធានាធិបតី បានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ និងហើយធ្វើឱ្យក្រុមបាតុករកាន់តែខឹងខ្លាំង។ ពួកគេមិនបានធ្វើអ្វីដើម្បីការពារមហាជនក្នុងសហគមន៍នេះទេ»។ នេះគឺជាការលើកឡើងរបស់លោក Sulieti Havili ដែលជាអ្នករស់នៅជិតតំបន់នោះ និងជាអ្នកដឹកនាំក្លឹប Pokemon ដែលមានសមាជិកជាង ៦០០០នាក់។
លោក Havili អាយុ ២៥ឆ្នាំ ដែលកំពុងដើរប្រមូលសំណល់នៅក្នុងតំបន់ Little Tokyo ជាមួយដៃគូក្នុងក្លឹប Pokemon របស់គាត់ ឈ្មោះ Nolberto Aguilar អាយុ ៤២ឆ្នាំ បាននិយាយថា គាត់បានមើលឃើញយ៉ាងច្បាស់ថា ការបញ្ចូនទាហានរាប់ពាន់នាក់ ដោយលោក ត្រាំ បាននាំមកនូវភាពអាក្រក់បំផុតនៅក្នុងក្រុមបាតុករ និងត្រឹមតែធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងតែប៉ុណ្ណោះ។
Aguilar បានបន្ថែមថា ការដាក់ពង្រាយកងទ័ពរបស់លោក ត្រាំ កំពុងបង្អាក់ឆន្ទៈរបស់ពលរដ្ឋ Los Angeles និងមេដឹកនាំនៅក្នុងតំបន់ ដោយបន្តដុតបញ្ឆេះភ្លើងដែលបង្កឡើងដោយសកម្មភាពវាយឆ្មក់ចាប់ជនអន្តោប្រវេសន៍របស់ ICE ដែលផ្តោតលើជនអន្តោប្រវេសន៍ដែលគោរពច្បាប់។
រដ្ឋបាលរបស់លោក ត្រាំ បាននិយាយថា សកម្មភាពចាប់ជនអន្តោប្រវេសន៍របស់ពួកគេកំពុងចាប់ក្រុមឧក្រិដ្ឋជនជាក់ស្តែង ដែលគ្មានឯកសារត្រឹមត្រូវក្នុងការរស់នៅសហរដ្ឋអាមេរិក។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បាននិយាយថា ការប្រើប្រាស់កងទ័ពដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបាតុកម្មនេះបានធ្វើឱ្យស្ថានការណ៍អាក្រក់កាន់តែផ្ទុះឡើង ហើយបានព្រមានថា «លទ្ធិប្រជាធិបតេយ្យស្ថិតនៅក្រោមការវាយប្រហារ»។ អភិបាលក្រុង Los Angeles លោកស្រី Karen Bass បាននិយាយថា ការប្រើប្រាស់កងទ័ពរបស់លោក ត្រាំ គឺជាកិច្ចខិតខំប្រឹងប្រែងដោយចេតនាដើម្បីបង្កើតភាពវឹកវរ។
រដ្ឋបាលរបស់លោក ត្រាំ បានធ្វើការច្រានចោលការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ ហើយនិយាយថាសកម្មភាពរបស់ពួកគេគឺចាំបាច់ក្នុងបរិបទនៅចំពោះមុខដែលមិនអាចទុកចិត្តលើមេដឹកនាំក្នុងតំបន់ និងរដ្ឋអសមត្ថភាពក្នុងការគ្រប់គ្រងស្ថានការណ៍៕