យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India មួយគ្រឿង​បានធ្វើការចុះចតជាបន្ទាន់ បន្ទាប់ពីមានការ​គំរាម​បំផ្ទុះគ្រាប់បែកនៅលើយន្តហោះ ក្រោយ​ហោះ​ចេញ​ពី​ព្រលាន​យន្ត​ហោះ​នៅប្រទេសថៃ។ 


អាជ្ញាធរនៅព្រលានយន្តហោះបាននិយាយថា ជើងហោះហើរយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា Air India មួយគ្រឿង ដែលមានអ្នកដំណើរ សរុប ១៥៦នាក់ ធ្វើដំណើរពីកោះភូកេតប្រទសថៃ ឆ្ពោះទៅកាន់រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌាបានបង្ខំចិត្តបកក្រោយចុះចតជាបន្ទាន់វិញ បន្ទាប់ពីមានសារគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ នៅថ្ងៃសុក្រនេះ។

មន្ត្រីនៅព្រលានយន្តហោះថៃបាននិយាយថា អ្នកដំណើរទាំង ១៥៦នាក់នៅលើជើងហោះហើរ AI 379 ត្រូវបានជម្លៀសចេញពីយន្តហោះភ្លាមៗនៅពេលចុះចត ស្របតាម​ផែនការ​សង្គ្រោះ​បន្ទាន់។


ជើងហោះហើយ AI 379 ត្រូវហោះចេញពីភូកេតប្រទេសថៃ នៅម៉ោង ៩ និង​ ៣០នាទីព្រឹក ឆ្ពោះទៅកាន់​រដ្ឋធានី​ញូវដែលី នៃប្រទេសឥណ្ឌា ប៉ុន្តែបន្ទាប់ពីបាន​ហោះឡើងឆ្លងកាត់លើសមុទ្រ Andaman យន្តយហោះក៏បានហោះបកក្រោយចុះចតនៅភូកេតវិញជាបន្ទាន់។


តាមការបញ្ចាក់ពីប្រធាន​ព្រលានយន្តហោះភូកេត បាននិយាយថា អាកាសយានិកបានរកឃើញក្រដាសសរសេរគំរាមបំផ្ទុះគ្រាប់បែកនៅក្នុងបន្ទប់ទឹកយន្តហោះ។ ដូច្នេះយន្តហោះក៏​បង្ខំ​ចិត្តសុំចុះចតជាបន្ទាន់វិញ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតអំពីហេតុការណ៍នេះមិនទាន់បកស្រាយច្បាស់នៅឡើយទេ។


គួរឲ្យ​ដឹងផងដែរថា ហេតុការណ៏ចុះចតយន្តហោះជាបន្ទាន់នេះ បានកើតឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពីហេតុការណ៍​ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Air India ដូចគ្នានេះ នៅប្រទេសឥណ្ឌា សម្លាប់មនុស្សអស់ ២៤១នាក់ ក្នុង​ចំណោម​​មនុស្ស​ទាំង​ ២៤២ នៅ​លើ​យន្ត​ហោះ​ កាលពីម្សិលមិញ៕