
ជនអន្តោប្រវេសន៍រាប់សែននាក់ដែលត្រូវបានអនុញ្ញាតឱ្យមកសហរដ្ឋអាមេរិកជាពិសេសនឹងត្រូវបានជូនដំណឹងថាពួកគេត្រូវតែចាកចេញពីប្រទេសនេះជាបន្ទាន់។ នេះបើយោងតាមក្រសួងសន្តិសុខមាតុភូមិ (DHS)។
DHS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិគុយបា ហៃទី នីការ៉ាហ្គា និងវ៉េណេស៊ុយអេឡា ដែលពីមុនត្រូវបានការពារជាបណ្តោះអាសន្នពីការនិរទេស នឹងទទួលបានសេចក្តីជូនដំណឹងតាមអ៊ីមែលឱ្យចាកចេញពីអាមេរិក។
DHS បាននិយាយថា មនុស្សជាងកន្លះលាននាក់មកពីប្រទេសទាំងបួននេះត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងសហរដ្ឋអាមេរិករយៈពេលពីរឆ្នាំក្រោមបទបញ្ជារបស់អតីតប្រធានាធិបតី Joe Biden។
ប៉ុន្តែ បទបញ្ជានេះនឹងជួបប្រទះនឹងការប្រឈមផ្លូវច្បាប់ពីអ្នកប្រឆាំងនឹងកម្មវិធីនិរទេសដ៏ធំរបស់រដ្ឋបាលលោក ត្រាំ។
ក្នុងអំឡុងពេលកាន់តំណែង លោក Biden បានពង្រីកការការពារដល់ជនអន្តោប្រវេសន៍ដែលហៅថា «ការលើកលែងមនុស្សធម៌» ដែលជាគោលការណ៍មានតាំងពីសម័យសង្គ្រាមត្រជាក់ ដោយសារស្ថានភាពនៅក្នុងប្រទេសទាំងបួន។
ក្រសួងសន្តិសុខមាតុភូមិ (DHS) ធ្លាប់បាននិយាយថា រហូតដល់ចុងខែវិច្ឆិកា ២០២៤ មនុស្សសរុប ៥៣១,៦៧០ នាក់ត្រូវបានផ្តល់ការអនុញ្ញាតឱ្យស្នាក់នៅក្នុងសហរដ្ឋអាមេរិកក្រោមកម្មវិធីនេះ ហើយជាលទ្ធផល ការឆ្លងដែនខុសច្បាប់របស់ពលរដ្ឋនៃប្រទេសទាំងបួនបានថយចុះ ៩៨%។
ទោះជាយ៉ាងណា មិនទាន់ច្បាស់ថា មនុស្សប៉ុន្មាននាក់នឹងរងផលប៉ះពាល់ដោយបទបញ្ជាថ្មីនេះទេ ព្រោះជនអន្តោប្រវេសន៍មួយចំនួនពីប្រទេសទាំងនោះអាចទទួលបានស្ថានភាពស្របច្បាប់ដើម្បីស្នាក់នៅក្នុងសហរដ្ឋអាមេរិកក្រោមកម្មវិធីទិដ្ឋាការផ្សេងទៀត។
រដ្ឋបាល Biden បាននិយាយថា ជនអន្តោប្រវេសន៍ទាំងនេះ ដែលតម្រូវឱ្យមានអ្នកឧបត្ថម្ភនៅសហរដ្ឋអាមេរិក ត្រូវបានពិនិត្យនិងស៊ើបអង្កេត។ ទោះជាយ៉ាងណា រដ្ឋបាល ត្រាំ មិនយល់ស្របនោះទេ។
អ្នកនាំពាក្យក្រសួងសន្តិសុខមាតុភូមិ គឺលោកស្រី Tricia McLaughlin បានហៅកម្មវិធីរបស់លោក Biden ថា «គ្រោះមហន្តរាយ» ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា កម្មវិធីរបស់លោក Biden បានបើកទ្វារសម្រាប់ការទាមទារក្លែងក្លាយ ឧក្រិដ្ឋកម្ម និងប៉ះពាល់ដល់កម្មករអាមេរិក៕