
អ៊ីស្រាអែល និងអ៊ីរ៉ង់ បន្តប្រយុទ្ធគ្នា ដោយបានសម្លាប់ និងបង្ករបួសដល់ជនស៊ីវិលជាច្រើនរយនាក់ និងបានបង្កើនការព្រួយបារម្ភដល់មេដឹកនាំពិភពលោកដែលជួបប្រជុំគ្នានៅប្រទេសកាណាដាក្នុងសប្តាហ៍នេះ ដោយលើកឡើងថា សង្គ្រាមរវាងសត្រូវចាស់ទាំងពីរអាចរាលដាលទៅក្នុងតំបន់។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់បាននិយាយថា ចំនួនអ្នកស្លាប់នៅអ៊ីរ៉ង់ក្នុងរយៈពេលបួនថ្ងៃនៃការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងគោលបំណងលុបបំបាត់កម្មវិធីផលិតនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ប្រទេសអ៊ីរ៉ង់ បានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ ២២៤នាក់ ដោយ ៩០ភាគរយនៃអ្នកស្លាប់គឺជាជនស៊ីវិល។
រីឯប្រទេសអ៊ីស្រាអែលវិញ យ៉ាងហោចណាស់មានមនុស្ស ១០នាក់រួមទាំងកុមារបានស្លាប់។ នេះបើយោងតាមការចេញផ្សាយពីអាជ្ញាធរ។
ក្រុមមេដឹកនាំទាំង ៧ប្រទេស (G7) ចាប់ផ្តើមប្រជុំគ្នានៅប្រទេសកាណាដាកាលពីថ្ងៃអាទិត្យ និងបានពិភាក្សាអំពីជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលស្ថិតក្នុងចំណោមអាទិភាពខ្ពស់បំផុតក្នុងកិច្ចប្រជុំ។
អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បាននិយាយថា គោលដៅរបស់លោកសម្រាប់កិច្ចប្រជុំកំពូលនេះរួមមាន ការទប់ស្កាត់មិនឲ្យអ៊ីរ៉ង់អភិវឌ្ឍ ឬកាន់កាប់អាវុធនុយក្លេអ៊ែរ ការធានាសិទ្ធិការពារខ្លួនរបស់ប្រទេសអ៊ីស្រាអែល ការការពារជម្លោះមិនឲ្យកើនឡើង និងលទ្ធភាពសម្រាប់ការទូត ដែលបញ្ហាទាំងនេះគឺជាបញ្ហាសំខាន់បំផុតនៅក្នុងកិច្ចប្រជុំ G7 នេះ។
មុនពេលចាកចេញពីកិច្ចប្រជុំកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានអ្នកសារព័ត៌មានសួរថា តើអ្វីជាវិធានការដើម្បីបន្ថយស្ថានការណ៍តានតឹងដែលកំពុងកើតឡើង? លោកបានឆ្លើយថា៖ «ខ្ញុំសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងមួយ ខ្ញុំគិតថាវាដល់ពេលសមរម្យមួយសម្រាប់កិច្ចព្រមព្រៀងហើយ»។ លោកបន្តទៀតថា៖ «ពេលខ្លះពួកគេត្រូវតែដោះស្រាយបញ្ហាដោយការប្រយុទ្ធ»។
អ៊ីរ៉ង់បានប្រាប់មេដឹកនាំកាតា និងអូម៉ង់ ដែលជាប្រទេសសម្របសម្រួលថា ខ្លួនមិនបើកចំហរក្នុងការចរចាបទឈប់បាញ់នោះទេ ខណៈពេលដែលខ្លួនកំពុងស្ថិតក្រោមការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើយោងតាមមន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ៕