ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានរារាំងគម្រោងមួយរបស់អ៊ីស្រាអែលក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលមានបំណងសម្លាប់​មេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក Ayatollah Ali Khamenei ។


មន្ត្រីអាមេរិកបានប្រាប់ Reuters កាលពីថ្ងៃអាទិត្យថា៖ «តើជនជាតិអ៊ីរ៉ង់បានសម្លាប់ជនជាតិអាមេរិកម្នាក់រួចហើយឬនៅ? ចម្លើយគឺ​​ ទេ ដូច្នេះដរាបណាពួកគេមិនទាន់ធ្វើបែបនោះ យើងក៏មិន​ពិភាក្សាអំពីរការវាយប្រហារថ្នាក់ដឹកនាំរបស់ពួកគេផងដែរ»។

ក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិកបានព្យាយាមធ្វើការទំនាក់ទំនងឥតឈប់ឈរជាមួយមន្ត្រីអ៊ីស្រាអែលក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំទៅលើប្រទេសអ៊ីរ៉ង់ក្នុងគោលបំណងបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។


ពួកគេបានប្រាប់ថា អ៊ីស្រាអែលមានឱកាសសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ប៉ុន្តែលោក ត្រាំ បានបដិសេធ និងរារាំងផែនការរបស់ពួកគេ។ ក្រុមមន្ត្រីមិនបានបញ្ចាក់ពីការរារាំងដោយផ្ទាល់ឬយ៉ាងណានោះទេ ប៉ុន្តែ​លោក ត្រាំ មាន​ទំនាក់ទំនង​ជាប្រចាំជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល។


និយាយក្នុងបទសម្ភាសន៍នៅថ្ងៃអាទិត្យ ជាមួយកម្មវិធី «Special Report With Bret Baier» របស់ប៉ុស្តិ៍ Fox News នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថា៖ «មានរបាយការណ៍មិនពិតជាច្រើនអំពីការសន្ទនាដែលមិនធ្លាប់មាន ហើយខ្ញុំមិនចង់ចូលរួមពិភាក្សាអំពីរឿងទាំងនោះទេ បន្តែខ្ញុំអាចប្រាប់អ្នកបានថា ខ្ញុំគិតថាយើងកំពុងធ្វើអ្វីដែលយើងត្រូវធ្វើ ហើយយើងនឹងបន្តធ្វើ ហើយខ្ញុំគិតថាអាមេរិកដឹងថាអ្វីល្អសម្រាប់ខ្លួន»។


លោក ត្រាំ នៅតែបន្តមានក្តីសង្ឃឹមថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់អំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នឹងអាចបន្តឡើងវិញ។ កិច្ចពិភាក្សាដែលបានកំណត់សម្រាប់ថ្ងៃអាទិត្យនៅប្រទេសអូម៉ង់ ត្រូវបានលុបចោល ដោយសារការវាយប្រហារ។ ក្នុងនោះដែរ លោកត្រាំ បានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃសុក្រថា៖ «យើងដឹងអស់រួចហើយអំពីការវាយប្រហាររបស់អ៊ីស្រាអែល»៕