សមាជិកសភាអ៊ីរ៉ង់កំពុងរៀបចំសេចក្តីព្រាងច្បាប់មួយ ដែលអាចជំរុញឱ្យទីក្រុងតេហេរ៉ង់ដកខ្លួនចេញពីសន្ធិសញ្ញា​ហាមឃាត់​ការ​រីក​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) ព្រមជាមួយនឹងការបញ្ចាក់ឡើងវិញនូវជំហរផ្លូវការរបស់ទីក្រុងតេហេរ៉ង់ដែលប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ នេះ​បើ​តាម​ក្រសួងការបរទេសអ៊ីរ៉ង់ដែល​លើក​ឡើង​កាល​ពីថ្ងៃចន្ទ។


អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នៅពេលត្រូវបានសួរអំពីការដកខ្លួនរបស់ទីក្រុងតេហេរ៉ង់ចេញពីសន្ធិសញ្ញា NPT ថា «ផ្អែកលើការវិវត្តនាពេលថ្មីៗនេះ យើងនឹងធ្វើការសម្រេចចិត្តដ៏សមស្របមួយ។ រដ្ឋាភិបាលត្រូវតែអនុវត្តសេចក្តីព្រាងច្បាប់របស់សភា ប៉ុន្តែសំណើនេះកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំ ហើយយើងនឹងសហការជាមួយសភានៅក្នុងដំណាក់កាលបន្តបន្ទាប់ៗទៀត» ។

សន្ធិសញ្ញា NPT ដែលអ៊ីរ៉ង់បានអនុម័តនៅឆ្នាំ ១៩៧០ គឺជាសន្ធិសញ្ញាអន្ដរជាតិក្នុងវិស័យអាវុធនុយក្លេអ៊ែរ ដែលធានាឱ្យប្រទេសចូលរួមមានសិទ្ធិអភិវឌ្ឍ និងប្រើប្រាស់ថាមពលនុយក្លេអ៊ែរដើម្បីគោលបំណងស៊ីវិល ឬគោលបំណងសន្តិភាព ដូចជា ការផលិតអគ្គិសនី ឬការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ។ ប្រទេសទាំងនោះត្រូវប្តេជ្ញាចិត្តថា នឹងមិនស្វែងរកការផលិតអាវុធនុយក្លេអ៊ែរឡើយ។ ក្រៅពីនេះ ប្រទេសទាំងនោះត្រូវមានកាតព្វកិច្ចសហការជាមួយអង្គការត្រួតពិនិត្យអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ គឺទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ (IAEA – International Atomic Energy Agency) ដើម្បីឱ្យមានការត្រួតពិនិត្យលើសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បី​ឱ្យប្រាកដថា កម្មវិធីនុយក្លេអ៊ែរនោះគឺមានគោលបំណងសន្តិភាពតែប៉ុណ្ណោះ។


អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​ទម្លាក់​គ្រាប់​បែក​ទៅលើ​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​ ដោយបានអះអាង​​ថាទីក្រុងតេហេរ៉ង់របស់​អ៊ីរ៉ង់កំពុងឈានដល់​ការ​បង្កើត​គ្រាប់បែកអាវុធ​នុយក្លេអ៊ែរបានហើយ ប៉ុន្តែអ៊ីរ៉ង់បានអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលបំណងសន្តិភាពតែប៉ុណ្ណោះ ទោះបីជាអង្គការអន្តរជាតិថាមពលនុយក្លេអ៊ែរ (IAEA) បានប្រកាសកាលពីសប្តាហ៍មុនថា ទីក្រុងតេហេរ៉ង់បានរំលោភលើកាតព្វកិច្ចសន្ធិសញ្ញា NPT របស់ខ្លួនក៏ដោយ៕