ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃចន្ទថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ដូច្នេះលោកត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញមុនកាលកំណត់មួយថ្ងៃពីកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា ដើម្បីតាមដានស្ថានការណ៍ដែលកំពុងកើតមាន។


លោក​បាន​ចេញសារព្រមានដ៏គួរឱ្យភ្ញាក់ផ្អើល​មួយ​ទៅឱ្យប្រជាជនអ៊ីរ៉ង់ឱ្យជម្លៀសខ្លួនចេញពីទីក្រុងរបស់ពួកគេជាបន្ទាន់។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូល G7 នៅប្រទេស​កាណាដាថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅវិញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដោយសារតែមានអ្វីអាក្រក់កំពុងតែកើតឡើងនៅ​មជ្ឈិមបូព៌ា ប៉ុន្តែលោកមិនបានបញ្ជាក់បន្ថែមឡើយ»។


ដំបូងឡើយលោក ត្រាំ មានគម្រោងស្នាក់នៅក្នុងប្រទេសកាណាដារហូតដល់ចុងថ្ងៃអង្គារនេះ ប៉ុន្តែ ត្រឹមរសៀល​ថ្ងៃ​ចន្ទ លោកបានបង្ហាញសញ្ញា​ពី​ការ​យកចិត្តទុកដាក់ទៅលើស្ថានការណ៍ដែលកំពុងកើតឡើងនៅកន្លែងផ្សេង ខណៈដែលលោកថ្លឹងថ្លែងជម្រើសរបស់គាត់សម្រាប់ការដោះស្រាយវិបត្តិដែលកំពុងកើនឡើង។


លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយមេដឹកនាំនៅទីក្រុងទេសចរណ៍ Kananaskis ថា៖ «ខ្ញុំគិតថាជាគោលការណ៍ អ៊ីរ៉ង់កំពុងស្ថិតនៅលើតុចរចា ដើម្បីចង់បានកិច្ចព្រមព្រៀងមួយ ហើយនៅពេលដែលខ្ញុំចាកចេញពីទីនេះ យើងនឹងចាប់ផ្តើមធ្វើអ្វីមួយ»។


បើយោងតាមបុគ្គលម្នាក់ដែលដឹងពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំកំពូល G7 បានពិភាក្សាលើបញ្ហាសំខាន់ៗនានាដែលពាក់ពន្ធទៅនឹងផលប៉ះពាល់សេដ្ឋកិច្ច និងសន្តិសុខពិភពលោក រួមទាំងកិច្ចពិភាក្សាយ៉ាងតឹងតែងលើស្ថានការណ៍ដែលកំពុងកើតឡើងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយនៅក្នុងរយៈពេលដ៏ខ្លីដែលលោក ត្រាំ បានចូលរួមកិច្ចប្រជុំនេះក៏មានការមិនឯកភាពគ្នាលើចំណុចសំខាន់មួយគឺបញ្ហាអ៊ីស្រាអែល-អ៊ីរ៉ង់។

ក្នុងនោះដែរ លោក ត្រាំ បានបង្ហាញពីចេតនារបស់គាត់ក្នុងការមិនចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយដែលព្រាងដោយមេដឹកនាំ G7 ដែលអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និង អ៊ីរ៉ង់។

ប៉ុន្មានម៉ោងក្រោយពីកិច្ចប្រជុំលោក ត្រាំ បានចេញសារព្រមានទៅកាន់ប្រជាជនអ៊ីរ៉ង់ នៅលើបណ្តាញសង្គមថា «គ្រប់គ្នាគួរតែជម្លៀសចេញពីទីក្រុងតេហេរ៉ង់ជាបន្ទាន់» ទាំងមិនបានប្រាប់ពីមូលហេតុ។

យោងតាមបណ្តាញសារព័ត៌មាន BBC រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសថា ក្រសួងការពារជាតិ (Pentagon) កំពុងធ្វើការបញ្ជូនកងទ័ពបន្ថែមទៅតំបន់មជ្ឈិមបូព៌ា ដើម្បីបង្កើននូវស្ថានភាពការពារប្រកបដោយសុវត្ថិភាពរបស់កងទ័ពអាមេរិកនៅក្នុងតំបន់នោះ។ ក្នុងនោះដែរ មន្ត្រីអាមេរិកបានបដិសេធយ៉ាងដាច់អហង្ការចំពោះការសន្មត់នានាដែលថា សហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់៕

ប្រភព៖ 

https://edition.cnn.com/2025/06/16/politics/trump-israel-iran-g7-statement?iid=cnn_buildContentRecirc_end_recirc

https://www.bbc.com/news/articles/cd783v9wn1eo