មេដឹកនាំកំពូលអ៊ីរ៉ង់កំពុង​លាក់​ខ្លួន និង​បានបដិសេធការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យចុះចាញ់នៅចំពោះមុខការវាយប្រហារបន្ថែមរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធ និងបានព្រមានថា ការជ្រៀតជ្រែកផ្នែកយោធាណាមួយរបស់អាមេរិកនឹងបណ្តាលឱ្យ «មានការខូចខាតមិនអាចជួសជុលបានចំពោះពួកគេ»។


ការបង្ហាញខ្លួនជាសាធារណៈលើកទីពីររបស់ Ayatollah Ali Khamenei (អាយ៉ាតុឡស អាលី ខាមេនី) ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលបានចាប់ផ្តើមកាលពីប្រាំមួយថ្ងៃមុន បានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានដកចេញការរឹតបន្តឹងមួយចំនួនលើជីវិតប្រចាំថ្ងៃ ដែលបង្ហាញថាការគំរាមកំហែងពីមីស៊ីលរបស់អ៊ីរ៉ង់កំពុងបន្ធូរបន្ថយ។

មេដឹកនាំ​អ៊ីរ៉ង់ Khamenei និយាយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានទាមទារនៅក្នុងការបង្ហោះលើបណ្តាញសង្គមថា អ៊ីរ៉ង់ត្រូវចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងបានព្រមាន​ថា សហរដ្ឋអាមេរិកដឹងថាគាត់នៅទីណា ប៉ុន្តែមិនមានផែនការសម្លាប់គាត់ទេ «យ៉ាងហោចណាស់មិនមែននៅពេលនេះទេ»។


លោក ត្រាំ ដំបូងឡើយបានដកខ្លួនចេញពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែលដែលមានគោលដៅលើកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ ប៉ុន្តែ​ប៉ុន្មានថ្ងៃថ្មីៗនេះ លោក​បានបង្ហាញពីការពាក់ព័ន្ធរបស់អាមេរិកកាន់តែខ្លាំងឡើង ដោយនិយាយថា លោក​ចង់បានអ្វីមួយ «ធំជាង» ជាងការឈប់បាញ់។ សហរដ្ឋអាមេរិកក៏បានបញ្ជូនយន្តហោះយោធា និងនាវាចម្បាំងបន្ថែមទៅកាន់តំបន់នេះផងដែរ។


លោក Khamenei បានច្រានចោល «សេចក្តីថ្លែងការណ៍ដែលមានលក្ខណៈគំរាមកំហែង និងឥតន័យ« របស់ ត្រាំ។


លោក​ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​មួយ​​ថា៖ «បុគ្គលដែលមានប្រាជ្ញា ដែលស្គាល់អ៊ីរ៉ង់ ប្រជាជនរបស់ខ្លួន និងប្រវត្តិសាស្ត្ររបស់ខ្លួន មិនដែលនិយាយជាមួយប្រជាជាតិនេះដោយភាសានៃការគំរាមកំហែងឡើយ ពីព្រោះប្រជាជាតិអ៊ីរ៉ង់មិនមែនជាប្រជាជាតិដែលនឹងចុះចាញ់ឡើយ»។

លោក​បន្ត​ថា៖ «ជនជាតិអាមេរិកគួរតែដឹងថា ការជាប់ពាក់ព័ន្ធផ្នែកយោធាណាមួយរបស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខូចខាតដែលមិនអាចស្តារឡើងវិញបានចំពោះពួកគេជាមិនខាន»។

អ៊ីរ៉ង់បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់មេដឹកនាំ Khamenei មុនពេលវីដេអូនេះត្រូវបានចាក់ផ្សាយ ប្រហែលជាជាវិធានការសន្តិសុខ។ ទីតាំងរបស់លោក Khamenei មិនត្រូវបានគេដឹងទេ។

មន្ត្រីការទូត​អឺរ៉ុប​ជាន់​ខ្ពស់​ម្នាក់​​បាននិយាយថា កិច្ចប្រជុំ​មួយ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស ដែល​រួមមានអ្នកការទូតជាន់ខ្ពស់មកពីអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស ព្រមទាំងអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប។

កិច្ច​ប្រជុំ​នេះ​ទំនង​ជា​គ្មាន​វត្តមាន​អាមេរិកទេ ទោះបីជាអ្វីៗ​អាចប្រែប្រួល។ នេះ​បើ​យោងតាមមន្ត្រីអាមេរិកម្នាក់ដែលបាននិយាយក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

អ៊ីស្រាអែល បានលើក​ឡើង​ថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសជុំថ្មីមួយនៅថ្ងៃព្រហស្បតិ៍នៅទីក្រុង​តេហេរ៉ង់ និងតំបន់ផ្សេងទៀតនៃ​ប្រទេ​អ៊ីរ៉ង់ ដោយមិនបានបញ្ជាក់លម្អិត។

យុទ្ធនាការតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរ និង​មូលដ្ឋាន​យោធាជាច្រើន ដោយបានសម្លាប់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ។ ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅ​វ៉ាស៊ីនតោន បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៣៩ នាក់ រួមទាំងជនស៊ីវិល ២៦៣ នាក់ ត្រូវបានសម្លាប់នៅក្នុងអ៊ីរ៉ង់ និងជាង ១៣០០ នាក់រងរបួស។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល ៤០០ គ្រាប់ និងដ្រូនរាប់រយគ្រឿង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់នៅអ៊ីស្រាអែល និងធ្វើឱ្យរបួសរាប់រយនាក់។ មីស៊ីលខ្លះបានវាយប្រហារអគារផ្ទះល្វែងនៅកណ្តាលអ៊ីស្រាអែល បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ៕