
សេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបានបន្តស្វែងរកសាកសពពីក្រោមគំនរអគារបាក់បែកនៅក្នុងទីក្រុងគៀវ បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយប្រហារទីក្រុងនេះដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពេញមួយយប់។
មន្ត្រីម្នាក់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៨នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងកាលពីថ្ងៃពុធ បន្ទាប់ពីត្រូវបានកែសម្រួលជាច្រើនដង ក្នុងនោះដែរមានអ្នកស្លាប់ចំនួនពីរនាក់ទៀតនៅក្នុងទីក្រុង Odesa។ក្នុងចំណោមការវាយប្រហារទាំងអស់មានគ្រាប់ដ្រូនមួយបានបុកចូលទៅអគារស្នាក់នៅមួយដ៏ធំ ដោយបានបំផ្លាញបន្ទប់ស្នាក់នៅអស់រាប់សិបខ្នង។
ការវាយប្រហារនេះគឺស្ថិតក្នុងចំណោមការវាយប្រហារដ៏ធំបំផុតមកលើរដ្ឋធានីអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមពេញលក្ខណៈរបស់រុស្ស៊ី ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែនបាននិយាយថា ប្រទេសរបស់លោកបានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ៤៤០គ្រឿង និងកាំជ្រួចមីស៊ីលចំនួន ៣២គ្រាប់។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន និងឧស្សាហកម្មរបស់អ៊ុយក្រែន ហើយគោលដៅទាំងអស់ត្រូវបានវាយប្រហារ។ការវាយប្រហារទៅលើទីក្រុងគៀវ មានរយៈពេលជាង ៩ម៉ោង ដោយអ្នកស្រុកបានរត់ភៀសខ្លួនទៅកាន់ជម្រកក្រោមដីតាំងពីមុនពាក់កណ្តាលអធ្រាត្ររហូតដល់ថ្ងៃរះ។
ក្រុមមន្ត្រីបាននិយាយថា គ្រាប់បែកដ្រូនមួយបានវាយប្រហារអគារផ្ទះល្វែងកម្ពស់ ៩ជាន់នៅភាគនិរតីនៃសង្កាត់ Solomyanskyi ដោយសាកសពនៅតែបន្តរកឃើញពីទីតាំងនោះកាលពីថ្ងៃពុធ។អាជ្ញាធរបានឱ្យដឹងថា មានកន្លែងសរុបចំនួន ២៧ទីតាំង នៅក្នុងទីក្រុងត្រូវបានវាយប្រហារ។
អភិបាលក្រុងគៀវ លោក Vitali Klitschko បាននិយាយនៅព្រឹកថ្ងៃអង្គារថា ពលរដ្ឋអាមេរិកម្នាក់អាយុ ៦២ឆ្នាំស្ថិតនៅក្នុងចំណោមអ្នកស្លាប់នៃសង្កាត់ Solomyanskyi ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Tammy Bruce បានបញ្ជាក់នៅពីក្រោយការស្លាប់នៃពលរដ្ឋអាមេរិកម្នាក់នេះថាជាសោកនាដកម្មមួយដែលគួរឱ្យសោកស្តាយជាទីបំផុត៕