នាយករដ្ឋមន្ត្រីម៉ុងហ្គោលី Luvsannamsrain Oyun-Erdene លាលែងពីតំណែងបន្ទាប់ពីបាត់​បង់​​​ទំនុក​ចិត្ត​​នៅ​រដ្ឋ​សភា ​បន្ទាត់​ពី​​ការតវ៉ា​ចោទប្រកាន់​​រូប​លោក​រឿង​ពុករលួយ និង​​ការរិះ​គន់​រឿង​ធ្វើខួបកំណើត​និង​ភ្ជាប់ពាក្យ​កូនប្រុសរបស់​លោកយ៉ាង​ហ៊ឹកហ៊ាក់។


លោក​ Oyun-Erdene ដែលបានចូលកាន់តំណែងនៅឆ្នាំ២០២១ នឹងបន្តធ្វើ​ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់មានការតែងតាំងអ្នកស្នងតំណែងក្នុងរយៈពេល៣០ថ្ងៃ។

ការ​លា​ឈប់​របស់​លោក​ Oyun-Erdene កើត​មាន​បន្ទាប់ពី​លោក​មិនអាច​ទទួលបានសំឡេងភាគច្រើន ឬ ៦៤ នៃ​អាសនៈ​ទាំង​​១២៦ នៅក្នុងសភា។ នៅក្នុងការបោះឆ្នោតសម្ងាត់ដែល​ សមាជិកសភា ៨២ នាក់បានចូលរួម មាន​ ៤៤ នាក់បោះឆ្នោតគាំទ្រ​លោក​ Oyun-Erdene ខណៈ ៣៨ នាក់បោះឆ្នោតប្រឆាំង។


លោក  Oyun-Erdene ថ្លែង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ផ្ដល់​ទំនុក​ចិត្ត​នេះ​ថា៖ «វាជាកិត្តិយសដែលបានបម្រើប្រទេស និងប្រជាជនរបស់ខ្ញុំនៅក្នុងគ្រាលំបាក រួមទាំងជំងឺរាតត្បាត សង្គ្រាម និងពន្ធ»។


យុវជន​ជា​ច្រើន​រយនាក់ បាននាំគ្នាតវ៉ានៅតាមដងផ្លូវអស់រយៈពេលពីរសប្តាហ៍មុនការបោះឆ្នោត ដោយទាមទារឱ្យ Oyun-Erdene លាលែង​ពីតំណែង​នាយករដ្ឋមន្ត្រី។ ពួកគេលើក​ឡើង​ពីបៀបរស់នៅដ៏ប្រណីតរបស់គ្រួសារលោក ជាពិសេសកូនប្រុស ដោយសួរពីប្រភព​នៃ​ទ្រព្យសម្បត្តិរបស់ពួកគេ។


ប្រជាជនម៉ុងហ្គោលី បានបង្ហោះ​នៅ​លើបណ្តាញសង្គមអំពីការស្នើសុំរៀបការបែប​អភិជនរបស់កូនប្រុសរបស់​លោក ព្រមទាំងម៉ូដថ្លៃៗ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ពិធី​នោះ។

លោក Oyun-Erdene បានបដិសេធការចោទប្រកាន់ពីអំពើពុករលួយ ដោយចោទអ្នករិះគន់ថាបានបើកយុទ្ធនាកាបង្ខូចកេរ្តិ៍ឈ្មោះលោក។

យោងតាម​អង្គការ Transparency International ប្រទេសម៉ុងហ្គោលីបានជួបបញ្ហាអំពើពុករលួយកាន់តែធ្ងន់ធ្ងរចាប់តាំងពី Oyun-Erdene ឡើងកាន់អំណាច។ កាលពីឆ្នាំមុន ម៉ុងហ្គោលីត្រូវបានចាត់ចំណាត់ថ្នាក់ទី ១១៤ ក្នុងចំណោម ១៨០ ប្រទេសទាក់ទងនឹងតម្លាភាពរបស់រដ្ឋាភិបាល។

ជាអតីតរដ្ឋកុម្មុយនិស្តនេះស្ថិតនៅចន្លោះប្រទេសរុស្ស៊ី និងចិន ហើយ​បានផ្លាស់ប្តូរទៅជា​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យចាប់តាំងពីការដួលរលំនៃសហភាពសូវៀតនៅដើមទសវត្សរ៍១៩៩០៕ BBC