
មេដឹកនាំគណបក្សប្រឆាំងលោក Lee Jae-myung នឹងក្លាយជាប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយពីការបោះឆ្នោតបន្ទាន់មួយ ដែលលទ្ធផលផ្លូវការបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថាលោកនាំមុខគូប្រជែងដ៏សំខាន់របស់លោក ដែលបានទទួលស្គាល់ការបរាជ័យនៅព្រឹកថ្ងៃពុធនេះ។
លោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជន (People Power Party) ដែលកំពុងកាន់អំណាចបានទទួលស្គាល់ការបរាជ័យជាមួយនិងការប្រកួតប្រជែងនឹងលោក Lee ហើយបានធ្វើការថ្លែងសុន្ទរកថាមួយដោយអបអរសាទរចំពោះជ័យជម្នះរបស់លោក Lee ហើយបាននិយាយថា «ខ្ញុំទទួលយកដោយការគោរពចំពោះការសម្រេចចិត្តរបស់ប្រជាជន»។
ជ័យជម្នះរបស់លោក Lee កើតឡើងយ៉ាងពិតប្រាកដបន្ទាប់ពីមេដឹកនាំមុនរបស់ប្រទេសនេះបានប្រកាសប្រើច្បាប់អាជ្ញាសឹក និងបានធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរអស់រយៈពេលជិត៦ខែ។
ជាមួយនឹងការរាប់សន្លឹកឆ្នោតទាំងអស់ លោក Lee បានទទួលសំឡេងគាំទ្រជិត ១៧លានសំឡេង នេះបើយោងតាមលទ្ធផលផ្លូវការដែលចេញផ្សាយដោយគណៈកម្មការបោះឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង។
នៅក្នុងសេចក្តីប្រកាសតាមទូរទស្សន៍នៅថ្ងៃពុធ ទី៤ ខែមិថុនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសថាលោក Lee គឺជាអ្នកឈ្នះ ដោយលោកនឹងស្បថចូលកាន់តំណែងនៅម៉ោងប្រហែល ១០ព្រឹក ម៉ោងក្នុងស្រុក ប្រទេសកូរ៉េខាងត្បូង។
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅទីក្រុងសេអ៊ូល លោក Lee បានសំដៅលើខ្លួនលោកថា «ជាអ្នកដែលមានឱកាសខ្ពស់ក្នុងការធ្វើជាប្រធានាធិបតីបន្ទាប់ ប៉ុន្តែមិនបានប្រកាសជាផ្លូវការថាជាអ្នកឈ្នះទេ។ សុន្ទរកថារបស់លោកបានបង្កឲ្យមានការចាប់អារម្មណ៍ ដោយលោកបានធ្វើការសន្យាថានឹងស្ដារសេដ្ឋកិច្ចឡើងវិញចាប់ពីថ្ងៃដំបូង និងធានាថានាពេលអនាគតនឹងមិនមានរដ្ឋប្រហារយោធាទៀតឡើយ»។
ការបោះឆ្នោតនេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ហើយឥឡូវនេះវាអាចផ្តល់ឱ្យប្រជាជនកូរ៉េខាងត្បូងនូវស្ថិរភាពនយោបាយក្នុងកម្រិតខ្លះ បន្ទាប់ពីចំណាយពេលអស់ពាក់កណ្តាលឆ្នាំជាមួយនឹងភាពមិនប្រាកដប្រជា និងភាពចលាចល ខណៈដែលសម្ព័ន្ធមិត្តរបស់អមេរិកមួយនេះ និងជាប្រទេសមហាអំណាចសេដ្ឋកិច្ច បានឆ្លងកាត់ពេលវេលាដែលបន្សល់ទុកពីការប្រើច្បាប់អាជ្ញាសឹក៕