
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា កាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់លោកតាមទូរស័ព្ទដោយកំហឹងថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមកលើមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ីវិញយ៉ាងដាច់ខាត ខណៈដែលភាពជាប់គាំងនៃសង្រ្គាមមួយនេះនៅតែអូសបន្លាយរយៈពេលយូរ។
លោក ត្រាំ បានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «ការនិយាយគ្នាតាមទូរស័ព្ទអស់រយៈពេលយ៉ាងយូរជាមួយនឹងលោក Putin គឺជាការសន្ទនាដ៏ល្អមួយ ប៉ុន្តែមិនមែនជាការសន្ទនាដែលនឹងនាំទៅរកសន្តិភាពភ្លាមៗនោះទេ»។
នេះគឺជាលើកដំបូងដែលលោក ត្រាំ បានបញ្ចេញមតិយោបល់អំពីការវាយប្រហារដ៏សាហាវរបស់អ៊ុយក្រែនទៅលើទឹកដីរុស្ស៊ី។
ទីប្រឹក្សាកិច្ចការបរទេសរបស់លោកពូទីនបាននិយាយថា សហរដ្ឋអាមេរិកមិនបានដឹងមុនអំពីប្រតិបត្តិការរបស់អ៊ុយក្រែនទៅលើរុស្ស៊ីនោះទេ ដែលនេះគឺជាចំនុចមួយដែលលោក ត្រាំ បានសង្កត់ធ្ងន់ប្រាប់ទៅលោក Putin ក្នុងអំឡុងពេលនិយាយទូរស័ព្ទជាមួយគ្នា។
ការហៅទូរស័ព្ទនេះកើតឡើងខណៈដែលសហរដ្ឋអាមេរិកកំពុងដឹកនាំយន្តការការទូត ដើម្បីជំរុញកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីសង្គ្រាមដែលបានបន្តអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំ។
នៅក្នុងការបង្ហោះនោះដែរ លោក ត្រាំ មិនបានបង្ហាញពីប្រតិកម្មចំពោះការប្ដេជ្ញាចិត្តរបស់លោក Putin ក្នុងការវាយបកសងសឹកទៅលើអ៊ុយក្រែននោះទេ។
លោក Yuri Ushakov ទីប្រឹក្សាកិច្ចការបរទេសរបស់ Putin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា មេដឹកនាំទាំងពីរបានកំណត់ការហៅទូរស័ព្ទនោះថា «វិជ្ជមាន និងមានប្រសិទ្ធភាពល្អ»។
លោក Ushakov បានបន្ថែមថា៖ «ខ្ញុំជឿថា វាមានប្រយោជន៍សម្រាប់លោក ត្រាំ ក្នុងការស្តាប់ការវាយតម្លៃរបស់យើងអំពីអ្វីដែលបានកើតឡើង ហើយការពិភាក្សាអំពីការវាយប្រហារនេះ គឺជាប្រធានបទដ៏សំខាន់មួយ»៕